ខេត្តរតនគិរីៈ បុណ្យរុក្ខទិវា០៩កក្កដា ឆ្នាំ២០១៥ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយមានវត្តមានចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមថង សាវុន អភិបាលនៃគណអភិបាលខេត្ត រួមនិងអភិបាលរង ប្រធាន អនុប្រធានមន្ទីរ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនទៀត។
លោក វង សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី បានឲ្យដឹងថា ចលនាដាំដើមឈើនេះកើតឡើងតាំពីទស្សវត្សទី៣០មកម្លេះ សកម្មភាពដ៏ទូលំទូលាយនេះបានក្លាយជាចលនាសង្គមគំរូមួយនេះធ្វើឡើងក្នុងគោលបំណងសំដៅធានានូវការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តភាព ដើម្បីផលប្រយោជន៍ សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិវឌ្ឍន៍ជីវៈចម្រុះនិងមរតវប្បធម៌។ លោកនាយខណ្ឌបន្តថា ក្នុងទិសដៅបន្តវេនរដ្ឋបាលព្រៃឈើមូលដ្ឋានតែងតែធ្វើការបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទសំរាប់ចែកចាយ និងដាំក្នុងពិធីរុក្ខទិវាជារៀងរាល់ឆ្នាំ ដោយចែកចាយនៅតាមបណ្តាលសាលារៀននិង វត្តអារាម ប្រជាជន អង្គការក្នុង និងក្រៅរដ្ឋាភិបាល មន្ទីរនានា ដើម្បីលើកកម្ពស់ស្មារតីដាំដើមឈើឡើងវិញ។
អភិបាលខេត្តរតនគិរី ឯកឧត្តមថង សាវុន បានចាត់ទុកព្រៃឈើមានសារៈសំខាន់ណាស់សម្រាបការរស់នៅ។ ឯកឧត្តមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សាធនធានធម្មជាតិដែលមានស្រាប់និងចូលរួមដាំដើមឈើឡើងវិញនៅគ្រប់មូលដ្ឋាន ដើម្បីលើកម្ពស់ភាពប៉ៃតង និងសោភ័ណ្ឌភាពភូមិ ឃុំ និងខេត្តរបស់យើង សម្បត្តិធម្មជាតិពុំគ្រានតែមានតម្លៃខាងសេដ្ឋកិច្ច និងការប្រើប្រាស់ប៉ុណ្ណោះទេ តែវានៅមានតម្លៃផ្សេងទៀតដូចជាតម្លៃបរិស្ថានវប្បធម៌ ប្រវត្តិសាស្ត្រ ការសិក្សាស្រាវជ្រាវ ទេសចរណ៍ ការពារងារជីវៈចំរុះនិងផ្តល់ជំរកសំរាប់ស្ថេរជីវិតរស់នៅរបស់មនុស្ស និងសត្វទូទៅយ៉ាងប្រសើរ៕ អ៊ុច សាវុទ្ធ