មកទល់ពេលនេះភ្នំភ្លើង Fuego នៅ ក្នុងប្រទេសហ្គាតេម៉ាឡា បានសម្លាប់ មនុស្ស ៩៩នាក់ហើយ ។ មន្ត្រីក្នុងតំបន់ បានឲ្យដឹងថា ភ្នំភ្លើងបានបំផ្លាញភូមិអ្នកស្រុកជាច្រើន ហើយនៅពេលនេះមាន មនុស្ស ជិត២០០នាក់នៅបាត់ខ្លួននៅ ឡើយ។
បើតាមក្រុមមន្ត្រីហ្គាតេម៉ាឡាថា មនុស្ស រាប់ពាន់នាក់ផ្សេងទៀត នៅតែបន្តស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន។ ចំណែក កាលពីដើមសប្តាហ៍នេះ ក្រុមអាជ្ញាធរក៏ បានបញ្ជាក់ដែរថា មនុស្សប្រមាណ ១.៧ លាននាក់ បានទទួលរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិខាងលើនេះ និង ជាង ៣,០០០នាក់ កំពុងរស់ក្នុងជម្រក បណ្តោះអាសន្ននៅទីកន្លែងសុវត្ថិភាព។
គួរជម្រាបថា ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូ ម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្គាតេម៉ាឡាស៊ីធី បានផ្ទុះហើយជះកម្អែផេះឡើងលើផ្ទៃ អាកាសកម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ ប៉ុន្តែមុនការផ្ទុះនេះវាពុំបានឲ្យសញ្ញាមិនស្រួលអ្វីនោះឡើយ ទើបអាជ្ញាធរហ្គាតេម៉ា ឡា មិនបានចេញសេចក្តីប្រកាសអាសន្នទាន់ពេល ដល់ប្រជាជនដែលរស់នៅ ជុំវិញនោះឡើយ៕ ម៉ែវ សាធី