ខេត្តកណ្ដាលៈ បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនរហូតវង្វេងស្មារតីបានសម្រេចចិត្តលោតទឹកសម្លាប់ បណ្ដាលឲ្យស្លាប់កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង១០នាទី ត្រង់ចំណុចក្នុងទឹកទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះលោតទឹកសម្លាប់ខ្លួនឈ្មោះ ងួន ចំរេីន ( ហៅ ម៉ៅ ) ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ( ជាមនុស្សមានសតិមិនប្រក្រតី ) មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា យោងតាមការឆ្លេីយបំភ្លឺរបស់ឈ្មោះងួន ចិន្តា ត្រូវជាបងស្រីបង្កេីតជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះគឺជាមនុស្សប្រើប្រាស់គ្រឿងញៀន រហូតវង្វេងវង្វាន់និងមានស្មារតីមិនគ្រប់ និងធ្លាប់ធ្វេីអត្តឃាត ចងកសម្លាប់ខ្លួនម្តងរួចមកហេីយ តែពុំបានសំរេចនោះទេ ដោយក្រុមគ្រួសារបានជួយសង្គ្រោះទាន់ពេល ។ លុះមកដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១៤ ជនរងគ្រោះបានជិះកង់ចេញពីផ្ទះរួចស្រែកប្រាប់បងស្រីរបស់ខ្លួនថា អញទៅលោតទឹក ភ្លាមនោះក៍ជិះកង់ចេញទៅបាត់ទៅ ។ ខណៈនោះបងស្រីនិងបងប្អូនជនរងគ្រោះ ក៍ចេញទៅតាម ។
លុះទៅដល់មាត់ទឹកទន្លេបាសាក់ខាងកេីតផ្សារកោះធំ ចំងាយប្រមាណ ២៥០ម៉ែត្រ ក៍ឃេីញកង់ដែលប្អូនជិះទៅបញ្ឈរទុកចោលនៅមាត់ទន្លេបាសាក់ តែបាត់ជនរងគ្រោះមិនឃេីញនោះទេ ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងជួយរៀវរកជនរងគ្រោះក្នុងទន្លេរ តែរកពុំឃើញនោះទេ ។ រហូតមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ៧និង៣០នាទី ទេីបមានប្រជាពលរដ្ឋប្រទះឃេីញសាកសពជនរងគ្រោះអណ្តែត រួចបានប្រាប់ក្រុមគ្រួសារនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយលោតទឹកសម្លាប់ខ្លួនប្រាកដមែន។
ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ