ក្រៅពីអីុស្រាអែលនិងអុីរ៉ង់ ក៏មានវិបត្តិ រវាងប្រទេសកាតារ និងអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសសម្បូរប្រេង ប្រឈមនឹង ការបែកបាក់ខ្លាំងណាស់ដែរ ។ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ជាខួបគម្រប់មួយឆ្នាំនៃវិបត្តិការទូតរវាងប្រទេសកាតារ នឹងក្រុមប្រទេសដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងតំបន់កាលពីថ្ងៃទី៥ មិថុនា ឆ្នាំ ២០១៧។ មួយឆ្នាំក្រោយមក សង្រ្គាម ពាក្យសម្តីកំពុងបន្តមានយ៉ាងផុសផុលរវាងទីក្រុងរីយ៉ាដ នឹងទីក្រុងដូហា។ អ្វីជាការ កត់សម្គាល់ នោះគឺវិបត្តិមួយនេះថែមទាំងបានធ្វើឲ្យការមានបែកបាក់នៅផ្ទៃក្នុងនៃក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ឈូងសមុទ្រពែក្សទៀតផង។
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៧ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និង ៥ប្រទេស សម្ពន្ធមិត្តក្នុងតំបន់ គឺអេមីរ៉ាតអារ៉ាប់រួម យេម៉ែន បារ៉ែន អេហ្ស៊ីប និងម៉ាល់ឌីវបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូត និងបិទខ្ទប់ផ្លូវសេដ្ឋកិច្ចជាមួយប្រទេសកាតារ។ ព្រឹត្តិការណ៍កាលណោះបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងត្រូវបានអារ៉ាប៊ីសាអូ៊ឌីតលើកយកហេតុផលទៅ ពន្យល់ថា មកពីកាតារបានគាំទ្រ និងចិញ្ចឹម អង្គការភេរវកម្ម ដូចយ៉ាងអង្គការរដ្ឋអ៊ិស្លាម និងអង្គការអាល់កៃដាជាដើម។ ក្រៅពីចោទទីក្រុងដូហាពីបទគាំទ្រអង្គការភេរវកម្ម ទីក្រុងរីយ៉ាដក៏បានចង្អុលចំមុខទីក្រុងដូហាពីបទមានសមានចិត្ត អាណិតអាសូរដល់ ប្រទេសអុីរ៉ង់ និងចលនាអ៊ិស្លាមជ្រុលនិយមមួយចំនួន។ ប្រទេសអារ៉ាប៊ីសាអូ៊ឌីតយល់ ថា ប្រទេសអុីរ៉ង់ និងចលនាអ៊ិស្លាមជ្រុល និយមជាប្រភពនៃអស្ថិរភាពនៅក្នុងតំបន់។
គួររម្លឹកជូនថា វិបត្តិរវាងអារ៉ាប៊ីសាអូ៊ឌីត នឹងកាតារដែលបានឈានចូលដល់ឆ្នាំទី២ ពេលនេះត្រូវបានគេចាត់ទុកជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មាននៅផ្ទៃក្នុងក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្សដែលបានបង្កើតតាំងពីឆ្នាំ ១៩៨១។ តែវិបត្តិ ស្រដៀងគ្នានេះធ្លាប់បានកើតមានម្តងកាលពីឆ្នាំ ២០១៤ ដែលប្រទេសអារ៉ាប៊ីសាអូ៊ឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែនបានសម្រេចដកឯកអគ្គរាជទូតរបស់ខ្លួនចេញពីប្រទេសកាតារ។
នៅពេលនេះកាតារ បានខិតខំប្រឹងប្រែង ពង្រឹងខ្លួនឯង មិនចុះញ៉មជាមួយប្រទេសផ្សេងទៀតឡើយក្នុងនោះមានអារ៉ាប៊ីសាអ៊ូឌីតជាដើម។ គោលដៅរបស់ប្រទេស អារ៉ាប៊ីសាអូ៊ឌីត និង៥ប្រទេសសម្ពន្ធមិត្តក្នុងតំបន់ គឺចង់កាច់បំបាក់ធ្មុង និងខ្ទប់ដង្ហើមសេដ្ឋកិច្ចកាតារដើម្បីឲ្យព្រះរាជាណាចក្រអារ៉ាប់មួយនេះប្តូរជំហរតាមខ្លួន។ តែតាម ការសង្កេតជារួម អារ៉ាប៊ីសាអូ៊ឌីតដែលបានតាំងខ្លួនជាបងធំនៅក្នុងតំបន់ហាក់ពិបាកកាច់ពត់កាតារដូចដែលខ្លួនបានគិតទុក ហើយកាតារក៏ហាក់មិនបានទុកបណ្តោយឲ្យអារ៉ាប៊ីសាអ៊ូឌីតព្យាយាមបង្វិលក្បាល ខ្លួនដោយងាយស្រួលដែរ។ តាំងពីវិបត្តិបានផ្ទុះឡើងក្នុងថ្ងៃដំបូង ទីក្រុងដូហាតែងចេញមុខប្រឆាំងបកវិញ ដោយមិនចុះញ៉មនឹងការគំរាមរបស់ទីក្រុងរីយ៉ាដទេ។
អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួមធ្លាប់បានដាក់លក្ខខណ្ឌថា បើកាតារយល់ព្រមបិទកាណាល់ទូរទស្សន៍ Al-Jazira បិទមូលដ្ឋានយោធាទួរគី និងកាត់បន្ថយ ទំនាក់ទំនងល្អូកល្អិនជាមួយអុីរ៉ង់ នោះពួកគេនឹងលើកទណ្ឌកម្មចេញវិញទាំងអស់។ តែកាតារបានចាត់ទុកជាលក្ខខណ្ឌដែល មិនអាចទទួលយកបាន ព្រោះវាមាន ន័យស្មើនឹងការបោះបង់អធិបតេយ្យភាព។ក្នុងថ្ងៃអង្គារ ទី៥ ខែមិថុនា ២០១៨ ពោលគឺ ក្នុងឱកាសខួបគម្រប់ ១ឆ្នាំនៃវិបត្តិជាមួយអារ៉ាប៊ីសាអូ៊ឌីត ទីក្រុងដូហាបានចេញមុខព្រមានទីក្រុងរីយ៉ាដពីបទមានឥរិយាបថគ្មានការពិចារណា។
កាតារយល់ថា ឥរិយាបថរបៀបនេះពិតជាបានបំផ្លាញឯកភាពរវាងក្រុមនិន្នាការ បស្ចិមលោក នឹងក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស។ ការព្រមានដូចនេះបាន ធ្វើឡើង បន្ទាប់ពីមានលេចឮព័ត៌មានមួយ ដែលថា អារ៉ាប៊ីសាអូ៊ឌីតបានគំរាមផ្លូវយោធាលើកាតារ និងបានសុំឲ្យបារាំងជួយធ្វើអន្តរាគមន៍ដាក់គំនាបលើកាតារដែលចង់បំពាក់ប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់រុស្ស៊ី S-៤០០។ ពេញមួយឆ្នាំនៃការស្ថិតក្រោមទណ្ឌកម្មការទូត និងសេដ្ឋកិច្ចរបស់ក្រុម ប្រទេសដឹកនាំដោយអារ៉ាប៊ីសាអូ៊ឌីត កាតារបានប្រឹងប្រែងរស់ដោយខ្លួនឯងដោយងាកទៅរកអ្នកផ្សេង ពិសេសពង្រឹងវិស័យការពារជាតិរបស់ខ្លួន។
ពិតណាស់ថា សេដ្ឋកិច្ចរបស់កាតារបានពឹងលើការនាំទំនិញគ្រប់យ៉ាងពីបរទេសមែន តែរាជាណាចក្រអារ៉ាប់មួយនេះជា ប្រទេសនាំឧស្ម័នចេញទី១ ក្នុងលោក។ នៅ ៦ខែដើមឆ្នាំ ២០១៧ ទីក្រុងដូហាបានចុះកុងត្រាទិញនាវាចម្បាំងពីអុីតាលីចំនួន ៧គ្រឿងក្នុងទឹកប្រាក់ ៥.០០០លានអឺរ៉ូ ទិញយន្តហោះចម្បាំងអាមេរិក F-១៥ ប្រមាណ ១៥គ្រឿងក្នុងទឹកប្រាក់ ១២. ០០០លានអឺរ៉ូ និងទិញយន្តហោះចម្បាំង អង់គ្លេសចំនួន ២៤គ្រឿងក្នុងទឹកប្រាក់ ៥.៥០០លានអឺរ៉ូ។ ឥឡូវនេះ កំពុងចរចា ទិញប្រព័ន្ធមីសុីលការពារ S-៤០០ ពី ប្រទេសរុស្ស៊ីថែមទៀត។
អារ៉ាប៊ីសាអូ៊ឌីតហាក់មិនដឹងប្រើវិធានការអ្វីផ្សេងដើម្បីសង្កត់កាតារ។ វិធានការ ការទូតក៏កាតារមិនឯកោ ហើយវិធានការសេដ្ឋកិច្ចក៏កាតារមិនស្លាប់ដែរ។ មួយឆ្នាំ ក្រោយមក គ្មានភាគីណាមួយសុខចិត្តធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមកទេ សូម្បី តែប៉ុនសរសៃសក់ក៏គ្មានដែរ ផ្ទុយទៅវិញ មានតែការដំឡើងសាច់ដុំដាក់គ្នា។
ទន្ទឹម គ្នានេះ គំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងការដាក់កាតារឲ្យនៅឯកោផ្លូវទូត និង ខ្ទប់ដង្ហើមសេដ្ឋកិច្ចមិនត្រឹមតែមិនបានធ្វើឲ្យកាតាររស្លាប់ទេ តែបាន និងកំពុងបង្កឲ្យមានការបែកបាក់ផ្ទៃក្នុងនៅក្នុងចំណោមប្រទេសសមាជិកនៃក្រុមប្រឹក្សានៃកិច្ច សហប្រតិបត្តិការក្នុងតំបន់ឈូងសមុទ្រ ពែក្សទៀតផង។
ក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ឈូងសមុទ្រពែក្សជាស្ថាប័នមួយ ដែលបានបង្កើតឡើងកាលពីឆ្នាំ ១៩៨១ និងមានសមាជិកចំនួន ៦ប្រទេស គឺអារ៉ាប៊ី សាអ៊ូឌីត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត អូម៉ង់ និងប្រទេសកាតារ។ ដូច្នេះគេអាច និយាយបានថា វិបត្តិរវាងអារ៉ាប៊ីសាអូ៊ឌីត និងកាតារជាវិបត្តិដែលកំពុងគ្មានច្រកចេញ និងដែលប្រទេសនីមួយៗក្នុងតំបន់ត្រូវតែមានចំណែកទទួលខុសត្រូវរៀងៗ ខ្លួន និងត្រូវបន្តរស់ជាមួយគ្នា៕ ម៉ែវ សាធី