ក្រសួងបរិស្ថានបានរៀបចំវេទិការ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ លើប្រធានបទការរៀបចំ សម្ព័ន្ធសហភាពសហគមន៍ អភិរក្សធនធានធម្មជាតិ រយៈពេល២ថ្ងៃ នៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ លើប្រធានបទការរៀបចំ សម្ព័ន្ធសហភាពសហគមន៍​អភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីសំណាក់ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំង លោក លោកស្រីមកពីអគ្គនាយកដ្ឋានក្រសួងបរិស្ថាន មន្រ្តីដែនជម្រកតំបន់ការពារធនធានធម្មជាតិ គណៈកម្មាធិការសហគមន៍ និងអង្គការដៃគូរពាក់ព័ន្ធ ប្រមាណជាង២០០នាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ​អេម៉ារីអូរ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។

លោក សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះ ក្នុងគោលបំណង ដើម្បីដាក់ចេញជាយន្តការ សម្របសម្រួលមួយ សំរាប់សហគមន៍តំបន់ការពារ ធម្មជាតិក្នុង ដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិ ពង្រឹងទំនាក់ទំនងក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ មានការចូលរួមពិភាក្សា និងធ្វើបច្ចុប្បន្នភាព។

ពីការងារពាក់ព័ន្ធនឹងការការពារ អភិរក្សធនធានធម្មជាតិចងក្រងសហគមន៍ទាំងនោះជាសម្ព័ន្ធ ដើម្បីអោយសហគមន៍យកទៅធ្វើដើមទុនឬទុនបង្វិលសំរាប់ជួយដល់សមាជិកសហគមន៍ក្នុងការធ្វើអាជីវកម្ម បង្កើតមុខរបរថ្មីចិញ្ចឹមជីវិតបន្ថែមពីលើមុខរបររបស់គាត់ដែលមាន និងចូលរួមចំណែកក្នុងការការពារអភិរក្សទប់ស្កាត់បទល្មើសផ្សេងៗ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក ញ៉ន សិទ្ធ អភិបាលរង ខេត្ត បានឲ្យដឹងថា ខេត្តមណ្ឌលគិរី មានតំបន់ព្រៃការពារ និងមណ្ឌលសត្វព្រៃចំនួន០៥ កន្លែង មានផ្ទៃដីសរុប ១,១៨៥,៦១១ហិកតា រួមមាន៖ ព្រៃការពារដែនជម្រកណាំលៀ ដែនជម្រកភ្នំព្រិច ដែនជម្រកស្រែពក ដែនជម្រកកែវសីមា ដែនជម្រកលំផាត់ និង មានតំបន់ការពារជីវៈចម្រុះ ២០ សហគមន៍ និង សហគមន៍ព្រៃឈើមានចំនួន ០៨សហគមន៍ ដែលស្ថិតក្បែរតំបន់ការពារទាំង០៥នោះ ។

លោក បានបន្តថា ការចងបណ្តាញសហគមន៍នេះ ជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ព្រមទាំងពង្រឹងតួនាទីរបស់សហគមន៍មូល ដ្ឋានក្នុងការចងក្រងជាបណ្តាញចូលរួមការពារធនធានធម្មជាតិ និងបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋានផងដែរ ៕  មាស សុផាត

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print