ខេត្តត្បូងឃ្មុំ ៖ នគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើការឃាត់បុរសម្នាក់ បន្ទាប់ពីបានប្រើ account facebook ឈ្មោះអៀង ជលសារ ជេរប្រមាថព្រះមហាក្សត្រ កាលពីថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩និង១៦នាទីយប់ ។
ស្នងការខេត្តត្បូងឃ្មុំ លោក បែន រ័ត្នបានអោយដឹងថា បន្ទាប់ពីធ្វើស្រាវជ្រាវលើបណ្តាញសង្គម ក៏ដូចជាសហ ការជាមួយ នឹងបណ្តាក្រុងដែលសង្ស័យនូវអាស័យដ្ឋានបច្ចុប្បន្នរបស់ជនម្ចាស់គណនេយ្យខាងលើដូចជា៖ ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ។
លោកបន្តថា បន្ទាប់ពីស្រាវជ្រាវ ជាលទ្ធផលកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការឃាត់ខ្លួនឈ្មោះ អៀង ជុលសា ភេទប្រុស អាយុ២៦ឆ្នាំ និងជាអតីតជាយោធានៅអង្គភាព២០៣ នៅវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្ននាយដ្ឋានកំពុងសាកសួរនឹងកសាងនីតិវិធី៕ វណ្ណៈ