ខេត្តរតនគិរី ៖ បច្ចុប្បន្នគ្រប់ច្រករបៀងទាំងអស់ត្រូវបានបិទ តាមបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទែ ដែលបានលើកឡើងក្នុងកិច្ចប្រជុំ ណែនាំស្តីពីការពង្រឹងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបណ្តោយព្រំដែន កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ។ សម្តេចធ្លាប់បញ្ជាក់ថា «ការលុបបំបាត់ច្រករបៀងគឺដើម្បីទប់ស្កាត់ការចេញចូលខុសច្បាប់ ក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗទៀតនៅតាមព្រំដែន» ។
បើទោះជាមានបទបញ្ជាឲ្យបិទគ្រប់ច្រករបៀងយ៉ាងណា ថ្មីៗនេះ តាមប្រភពព័ត៌មានបានធ្លោយឲ្យដឹងថា «ក្រុមមន្ត្រីយោធាដែលកំពុងបំពេញភារកិច្ចស្ថាបនាផ្លូវ នៅតាមក្រវាត់ព្រំដែន (កម្ពុជា-វៀតណាម) ខេត្ត រតនគិរី រងនូវការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយសារក្រុមមន្ត្រីទទួលបានសិទ្ធិក្នុងការស្ថាបនាផ្លូវ ឆ្កៀតឱកាសឈូសឆាយធ្វើផ្លូវលួចបើកច្រករបៀង ផ្ទុយពីច្បាប់ដែលបានដាក់ឲ្យអនុវត្ត ប្រយោជន៍អនុញ្ញាតឲ្យរថយន្តកែច្នៃគ្រប់ប្រភេទ និងម៉ូតូដឹកជញ្ជូនឈើប្រណីតខុសច្បាប់នាំទៅលក់នៅប្រទេសវៀតណាម ខណៈវិធានការទប់ស្កាត់ពីសំណាក់ ស្ថាប័ន មន្ត្រីជំនាញពាក់ព័ន្ធ មិនមានប្រសិទ្ធភាព ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះថា ក្រុមមន្ត្រីយោធាកងវិស្វ័កម្មបើកការដ្ឋានស្ថាបនាផ្លូវលេខ៧១៥ តាមក្រវាត់ព្រំដែន (កម្ពុជា-វៀតណាម) បានឈូសផ្លូវបើកច្រករបៀងជាច្រើនកន្លែង ស្ថិតក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ដើម្បីឲ្យរថយន្តកែច្នៃគ្រប់ប្រភេទ និងម៉ូតូដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅលក់នៅប្រទេសវៀតយ៉ាងអនាធិបតេយ្យ នៅចំណុចបង្គោលព្រំដែនលេខ ២៦/១(១) កម្ពុជា-វៀតណាម រហូតដល់ការដ្ឋានកងស្ថាបនាផ្លូវស្ពានលេខ៧១៥តែម្តង។
ប្រជាពលរដ្ឋបានលើកឡើងថា កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីយោធាកង ស្ថាបនាផ្លូវស្ពានលេខ៧១៥ តាមក្រវាត់ព្រំដែន ឬហៅថាផ្លូវយុទ្ធសាស្រ្ត ប៉ុន្តែបានឃុបឃិតជា មួយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់យកគ្រឿងចក្រឈូសធ្វើផ្លូវបើក ច្រករបៀងខុសច្បាប់ដើម្បីនាំឈើចេញពីកម្ពុជាទៅលក់ឲ្យឈ្មួញវៀតណាម ដោយសកម្មភាព នៃការដឹកជញ្ជូនបទល្មើសព្រៃឈើ តាមគោយន្តច្នៃ រថយន្តបង្កុង និងម៉ូតូរាប់រយគ្រឿង ក្នុង មួយថ្ងៃៗ ១០០គ្រឿងដឹកចេញពីព្រៃរួចចូលទឹកដីវៀតណាម តាមផ្លូវដែលក្រុមការដ្ឋានកង ស្ថាបនាផ្លូវ និងស្ពានឈូសឆាយរួចជាស្រេចដើម្បីសម្រួលផ្លូវសម្រាប់ដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនដោយខុសច្បាប់ ។
បច្ចុប្បន្នសង្កេតឃើញមានគោយន្តច្នៃ និងម៉ូតូដឹកឈើឆ្លងដែនទៅវៀតណាម កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងគំហុកតាមចំណុចភូមិចង ឃុំញ៉ាង ត្រង់បង្គោលព្រំដែន លេខ១៩ ប៉ុស្តិ៍ភូមិតាង៉ា និងប៉ុស្តិ៍នគបាលការពារព្រំដែនលេខ ៥០៧ (អូរសាថី) ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣។
ពាក់ព័ន្ធករណីក្រុមការដ្ឋានកងស្ថាបនាផ្លូវលេខ៧១៥ ឈូសឆាយផ្លូវបើកច្រករបៀងខុសច្បាប់ជាច្រើនកន្លែងសម្រាប់សម្រួលឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ខាងលើនេះ មិនអាចទំនាក់ទំនងសុំបំភ្លឺពីមេបញ្ជាការកងស្ថានផ្លូវបានឡើយ។
ពាក់ព័ន្ធរឿងរ៉ាវលឲក្រុមមន្ត្រីយោធាកងស្ថាបនាផ្លូវលួចឈូសឆាយបើកច្រករបៀងដោយខុសច្បាប់នាំឈើទៅលក់នៅប្រទេសវៀតណាមនេះ អង្គភាពព័ត៌មាននគរដ្រេហ្គន នឹងតាមបន្តទៀតថា តើអាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធនឹងមានវិធានការ ទប់ស្កាត់ដែរឬទេ?
គួររំឭកថា នៅក្នុងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃដដែល ក៏បានស្នើដល់អគ្គស្នងការនគរបាលជាតិ អគ្គនាយកអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរពាក់ព័ន្ឋ ត្រូវយកចិត្តទុកដាក់ពង្រឹងសភាពការណ៍នៅតាមព្រំដែន ឲ្យបន្តស្ថិតនៅនៅក្នុងស្ថានភាពល្អប្រសើរ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែន តាមរយៈការបង្កើនវិធានការ ការប្រមែប្រមូលព័ត៌មានជាប្រចាំ ដើម្បីមានវិធានាការទាន់ពេលក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ឋភាព ជាពិសេសបទល្មើសឆ្លងដែនដូចជា៖ អំពើភេរវកម្ម ការជួញដូរដឹកជញ្ជូនអាវុធគ្រឿងផ្ទុះ ការចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងការដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់ ។ ល។ ។
ជាមួយគ្នានោះ ត្រូវសហការជាមួយម្ចាស់ ឬ អ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស សិប្បកម្ម កសិដ្ឋាន និងវិស័យឯកជន ដើម្បីធ្វើការគ្រប់គ្រងនិងអប់រំនិយោជិត បុគ្គលិក កម្មករ ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិព្រំដែន របៀបរបបចេញចូលប្រទេស និងមិនធ្វើដំណើរឆ្លងដែនខុសច្បាប់ ។ ត្រូវពង្រឹងវិធានការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែនឲ្យបានហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះត្រូវយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីច្រកទ្វារព្រំដែនត្រូវបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនស្របច្បាប់ ដើម្បីប្រកបមុខរបរប្រចាំថ្ងៃ ទេសចរណ៍ ពាណិជ្ជកម្ម ឬមានធុរៈចាំបាច់ផ្សេងៗ ។
ត្រូវបង្កើនកិច្ចសហការឲ្យកាន់តែបានជិតស្និទ្ឋជាមួយសមភាគីនៃប្រទេសជាប់ព្រំដែន ដោយយកចិត្តទុកដាក់ជំរុញយន្តការដែលបានចាត់តាំងកន្លងមក ឲ្យបំពេញភារកិច្ចបានសកម្មក្លៀវក្លា ពង្រឹងរបបប្រជុំយន្តការព្រំដែនគ្រប់ថ្នាក់ដែលមានគោលការណ៍ឲ្យបានទៀងទាត់ ដើម្បីផ្លាស់ប្តូរសភាពការណ៍ និងរឹតចំណងមិត្តភាពសហប្រតិបត្តិការបានស្អិតរមួតជាមួយគ្នា ជាមួយគ្នានោះក៏ត្រូវរៀបចំនូវប្រព័ន្ឋទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីសហការដោះស្រាយកិច្ចការបន្ទាន់ ៕ ជាយក្រុង