ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលលលកស សហការគ្នាចុះបង្រ្កាបមុខសញ្ញាសង្ស័យចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួនផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃចន្ទ័ ៦កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិព្រែកស្ដី សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ឯក ឈឿន ឃឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលលលកសបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យចែកចាយដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិ.សង្កត់កើតហេតុខាងលើ។
លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងធ្វើការដកហូតនូវវត្ថុតាំងរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៤កញ្ចប់ ក្នុងនោះ ១កញ្ចប់ធំ និងជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿងផងដែរ ហើយមុខសញ្ញាជនសង្ស័យរួមទាំងវត្ថុតាងបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបំពេញសំណំឯកសារពាក់ព័ន្ធ បញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ដោយ បឹុម ពិន