ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះ សំណាល ជាមួយពលរដ្ឋ២៥៩ គ្រួសារ និងប្រគល់ប័ណ្ណកម្មសិទ្ធិផ្ទះជូនប្រជាពលរដ្ឋនៅបុរីឧទ្យានតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួន២៥៩គ្រួសារ ក្រោយពីពួកគាត់រស់នៅមិនទាន់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ជាង៧ឆ្នាំកន្លងមកនេះ។ ពិធីនេះធ្វើ ឡើងកាលពីរសៀលថ្ងៃទី១៨ មិថុនានេះ នៅក្នុងបុរីឧទ្យានតាង៉ូវ ស្ថិតក្នុងភូមិតាង៉ូវ ដោយមានការចូលរួមពីអភិបាលរងរាជធានី មន្ទីរពាក់ព័ន្ធ និងលោកចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមនិងប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ។
លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់និងរុយោដីរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងថា ៖ប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិនាពេលនេះមានចំនួន២៥៩គ្រួសារឬ ខ្នងផ្ទះ ដោយប្រជាពលរដ្ឋត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ពេលបងប្អូនបានប័ណ្ណនេះហើយ បងប្អូនអាចយកទៅផ្ទេរកម្មសិទ្អិតែម្តង ហើយតម្លៃនៃការផ្ទេរនេះត្រឹមតែ៦០ម៉ឺនរៀល តែកុំអោយគេរត់ការអោយ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មានផលប្រយោជន៍២យ៉ាងពោលគឺបងប្អូនប្រជាពលរដ្ឋក៏បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ពោលគឺប្រជាពលរដ្ឋមានលំនឹងពិតប្រាកដដោយមានផ្ទះនៅស្រប ច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន ។ចំណែករដ្ឋវិញបានទទួលប្រាក់ពីការបង់ពន្ធអចលនទ្រព្យនេះផងដែរ ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា ៖ កន្លងមកមានប្រជាពលរដ្ឋមួយចំនួនមិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀតដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានបងប្អូនខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀតរហូតដល់៤ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់គឺបងប្អូនត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះតាមចំនួនដងនេះ។ ប៉ុន្តែដោយមើលឃើញពីការលំបាកនេះ ទើបសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេច សម្រួលអោយបងប្អូនប្រជាពលរដ្ឋយើងមកបង់ត្រឹមតែម្តងលើកចុងក្រោយ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ៖ ចំពោះការលើកលែងនេះមានសុពលភាពត្រឹមតែថ្ងៃទី៣១ ធ្នូ ២០១៨ប៉ុណ្ណោះ បើហួសពីពេលនេះទៅ គឺរដ្ឋាភិបាលនឹងអនុវត្តដដែរ ដោយមិនមានការលើកលែងទៀតទេ ដូច្នេះលោកសូមអោយបងប្អូនប្រជាពលរដ្ឋ ប្រញ៉ាប់ទៅបង់ព័ន្ធប្រថាប់ត្រានេះអោយបានលឿនទៅតាមការកំណត់នៃការលើកលែងនេះ៕ ដោយ៖ សំរិត