មន្ទីរបញ្ចកោណឯកភាពផ្តល់ទីជម្រកដល់កុមារភៀសខ្លួន២មឺុននាក់

ចែករំលែក៖

សារព័ត៌មាន AP បានផ្សាយថា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jamie Davis កាលពីថ្ងៃ ទី២១ ខែមិថុនា បានបញ្ជាក់ថា មន្ទីរបញ្ចកោណនឹងផ្តល់ទីជម្រកនៅក្នុងទីតាំងយោធាដល់កុមារភៀសខ្លួន២មឺននាក់ ដែលគ្មានអ្នកធ្វើដំណើរជាមួយពេលភៀសខ្លួនឆ្លងព្រំដែនមិុចស៊ីកូ ទៅទឹកដីអាមេរិកខុសច្បាប់។

លោកJamie davis បញ្ជាក់ទៀតថា សំណើសុំឲ្យមានទីកន្លែងស្នាក់នៅបណ្តោះអាសន្នត្រូវបានក្រសួងសុខាភិបាល និង គមនាគមន៍អាមេរិកស្នើឡើងក្នុងពេល ដែលអ្នកនយោបាយអាមេរិកមានវិវាទ។ សំណើខាងលើត្រូវបានក្រសួងការពារ ជាតិយល់ព្រម ហើយឲ្យស្នាក់នៅបណ្តោះអាសន្នរហូតដល់ចុងឆ្នាំនេះ។ នៅពេលនេះមិនទាន់ដឹងថាតើទីតាំងយោធាណា ដែល ផ្គល់ឲ្យជនភៀសខ្លួនស្នាក់នៅនោះទេ។

ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ ដែល រងការថ្កោលទោសយ៉ាងខ្លាំង ពីសហ គមន៍អន្តរជាតិ និងអ្នកនយោបាយអាមេរិក ប្រធានាធិបតីដូណាល់ ត្រាំបានប្តូរនយោបាយភ្លាមដោយបានចុះហត្ថលេខាលើក្រឹត្យមួយ ឈប់ពង្រាត់ក្មេងមិនទាន់ពេញវ័យពីឪពុកម្តាយអន្តោប្រវេសន៍ ដែលរត់ឆ្លងពី ម៉ិចស៊ិកមកកាន់សហរដ្ឋអាមេរិក។ រឿងអាស្រូវចាប់ពង្រាត់យកក្មេងចំនួន ជិត ២៣០០នាក់ពីគ្រួសារ ដែលបានបំផុសឱ្យមានការរិះគន់យ៉ាងខ្លាំង ទាំងនៅក្នុង ប្រទេស និងនៅលើឆាកអន្តរជាតិ។

លោកប្រធានាធិបតីបានទន្ទេញពាក្យដដែលៗ តាំងពីជាច្រើនថ្ងៃមកហើយ ថាលោកអនុវត្តទៅតាមអ្វីដែលមានចែងក្នុងច្បាប់ ហើយមានតែសភាទេ ដែលអាចបិទបញ្ចប់ការពង្រាត់កូនក្មេងពីគ្រួសារអន្តោប្រវេសន៍ខុសច្បាប់បាន។ ប៉ុន្តែនៅចំពោះ មុខការរិះគន់ ទាំងនៅក្នុងប្រទេសនិងនៅ លើពិភពលោក ក៏ដូចជាក្នុងជួរបក្សសាធារណរដ្ឋផ្ទាល់ លោក ដូណាល់ ត្រាំ ក៏សុខ ចិត្តដកថយ និងបានចុះហត្ថលេខាយ៉ាង រួសរាន់ លើក្រឹត្យបញ្ជាឱ្យឈប់បំបែកក្មេងពីឪពុកម្តាយ តែត្រូវឱ្យចាប់ឃុំខាំងជុំគ្នាទាំងគ្រួសារតែម្តង នូវរាល់ជនអន្តោប្រវេសន៍ណាដែលបានរត់ឆ្លងព្រំដែនដោយខុស ច្បាប់ និងក្នុងពេលរង់ចាំបំពេញដំណើរការបែបបទតាមច្បាប់។

នេះជាសេចក្តីសម្រេចចិត្តដ៏ភ្ញាក់ផ្អើល ! ដែលតម្រូវឱ្យក្រុមអ្នកតំណាងរាស្ត្រនៅសភាត្រូវប្រញាប់អនុម័តច្បាប់អន្តោប្រវេសន៍ ប៉ុន្តែ សម្រាប់សមាជិកសភាបក្សប្រជាធិបតេយ្យ ទង្វើរបស់លោក ត្រាំ នឹងមិនធ្វើឱ្យពួកគេប្តូរចិត្តទៅបោះឆ្នោតគាំទ្រច្បាប់ ស្នើ ឡើងដោយលោកប្រធានាធិបតីឡើយ។

ជាមួយគ្នានេះដែរ ភរិយាប្រធានាធិប តីដូណាល់ ត្រាំបានបំពេញទស្សនកិច្ច ទៅកាន់ព្រំដែនមិុចស៊ីកូដ៏ភ្ញាក់ផ្អើលមួយ។ ប៉ុន្តែក៏មានការរិះគន់ផងដែរ នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេ រិក) ទៅកាន់តំបន់ព្រំដែនរវាងអាមេរិក- មិុចស៊ីកូ ខណៈរដ្ឋបាលប្ដីរបស់លោកស្រី កំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំង ជុំ វិញគោលនយោបាយបំបែកបាក់គ្រួសារ ជនអន្តោប្រវេសន៍។ នេះបើតាមការចេញ ផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹក ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

លោកស្រី Melania Trump បានធ្វើ ដំណើរទៅកាន់ទីក្រុង ម៉ាកអាល់ឡេន (McAllen) នៃរដ្ឋ តិចសាស់ (Texax) បំពេញទស្សនកិច្ចនៅឯមជ្ឈមណ្ឌល (Up bring New Hope Children Center) ជាទីដែលកុមារ ៥៥នាក់មានអាយុពី៥ឆ្នាំ ដល់ ១៧ឆ្នាំ មកពីប្រទេស ហុងឌូរ៉ាស់ (Honduras), ហ្គាតេម៉ាឡា (Guatemala) និង អែលសាលវ៉ាឌ័រ (El Salvador) កំពុង ស្នាក់នៅ។

បន្ថែមពីលើនេះ ថ្លែងនាឱកាសនោះ លោកស្រី Melania បានលើកឡើងយ៉ាង ដូច្នេះថា «ខ្ញុំពិតជារីករាយណាស់ដែល បានមកទីនេះ ហើយខ្ញុំកំពុងអន្ទះសាជួយក្មេងទាំងអស់នេះ។ ម្យ៉ាងទៀត ខ្ញុំក៏ចង់ សួរអ្នកដែរថា តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បី ជួយឱ្យក្មេងទាំងនេះជួបជុំឪពុកម្ដាយរបស់ពួកគេឡើងវិញ»។ ប៉ុន្តែទន្ទឹមគ្នានោះ អ្នក លេងបណ្ដាញ Twitter បានបង្ហោះសាររិះគន់លោស្រីយ៉ាងចាស់ដៃ រឿងពាក់អាវក្រៅមានសរសេរអក្សរជាភាសា អង់គ្លេស ថា «I really don’t care do u?» មានន័យថា «ខ្ញុំពិតជាមិនខ្វល់ទេ ចុះអ្នកវិញ?»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកស្រី Melania Trump កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិ បត្តិមួយ ដើម្បីបញ្ចប់គោលនយោបាយ បំបែកបំបាក់កុមារចេញពីឪពុកម្ដាយរបស់ពួកគេ ដែលត្រួវបានអាជ្ញាធរអាមេរិកចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់ចូលសហរដ្ឋអាមេរិកពីម៉ិចស៊ីកូ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹង ច្បាស់ថា បទបញ្ជានេះនឹងត្រូវអនុវត្តនៅពេលណានោះទេ។ ចំណែកឯការឃុំខ្លួន កុមារ និងឪពុកម្ដាយជាជនអន្តោប្រវេសន៍ខុសច្បាប់រួមគ្នា ធ្វើឡើងតែក្នុងករណីមានការព្រួយបារម្ភពីសុខុមាលភាពរបស់កុមារតែប៉ុណ្ណោះ ហើយគេក៏មិនដឹងថាវានឹងមានរយៈពេលយូរប៉ុនណាដែរ៕
ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print