ភ្នំពេញ៖ រថយន្តដឹកទំនិញលើសទម្ងន់ផ្ទុក១គ្រឿងបានដាច់កង់នៅលើស្ពានព្រះមុនីវង្សចាស់បង្កការកកស្ទះចរាចរណ៍រាប់ម៉ោងធ្វើអោយអ្នកដំណើរឆ្លងកាត់ស្ពានខឹងសម្បារយ៉ាងខ្លាំង មួយផ្នែកដាក់បន្ទុក ទៅលើភាពធូរលុងរបស់សមត្ថកិច្ចលើការគ្រប់រថយន្ត ដឹកជញ្ជូនលើសទម្ងន់ និងមួយផ្នែកទៀតរិះគន់ទៅលើម្ចាស់រថយន្តដែលដឹកលោភលន់មិនពីបញ្ហាប្រឈមនិងគ្រោះថ្នាក់ដែលអាចកើតឡើងគ្រប់ពេល ។
ជាក់ស្តែងនៅវេលាម៉ោង១ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ រថយន្តដឹកទំនិញផ្ទុកលើសទម្ងន់១គ្រឿងបានបានផ្ទុះកង់ហើយដាច់កង់ខាងមុខខាងឆ្វេងនៅលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារទី២ ខណ្ឌច្បារអំពៅ នៅគ្រាដែលរថយន្តដែលជួបគ្រោះថ្នាក់បានបើកឡើងស្ពានទិសដៅពីកើតទៅលិច ។ ក្នុងហេតុការណ៍នេះមិនបណ្តាលអោយមានអ្នកដំណើររងរបួសនោះទេ ប៉ុន្តែចរាចរណ៍បានកកស្ទះជាច្រើនម៉ោង ហើយម្ចាស់ រថយន្តកំពុងតែរើឥវ៉ានផ្ទេរដាក់រថយន្តមួយគ្រឿងទៀត ។
លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងសណ្តាប់ចរាចរណ៍ខណ្ឌច្បារអំពៅបានអោយដឹងថា ហេតុការណ៍នេះកើតឡើងដោយសារម្ចាស់រថយន្តដឹកទំនិញប្រភេទបន្លែ ផ្លែឈើនាំចូលពីវៀតណាមផ្ទុកលើសទម្ងន់ ដាក់រហូតដល់ ជាង២០តោន ពេលបើក ឡើងស្ពានក៍ផ្ទុះកង់មុខខាងស្តាំហើយដាច់តែម្តង តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ។ ដោយមិនមានប៉ះពាល់ដល់អ្នកដំណើរសមត្ថកិច្ចមិនបានឃាត់រថយន្តនោះ គឺទុកអោយម្ចាស់យករថយន្តមួយគ្រឿងទៀតមកផ្ទេរទំនិញដឹកបន្តទៅកាន់គោលដៅ យ៉ាងណាក៏ដោយចរាចរណ៍ត្រូវបានកកស្ទះនៅក្បាលស្ពានរហូតទៅដល់ស្តុបច្បារអំពៅទោះបីសមត្ថកិច្ចខិតខំសម្រួលចរាចរណ៍ក៏ដោយ ៕
...
ដោយ៖ សណ្តោស