អាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួនកម្មករសំណង់ម្នាក់ ជាជនជាតិវៀតណាម ពីបទកាន់កាប់អាវុធដោយខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជន​ជាតិវៀតណាម ដោយចោទប្រកាន់កាន់កាប់ និង ដឹកជញ្ជូនអាវុធដោយខុសច្បាប់ ដកហូតបានកំាំភ្លើងប្រភេទអាកា-៤៧មួយដើម និងគ្រាប់ចំនួន៥៦គ្រាប់ និងសម្ភារមួយចំនួនទៀត ។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ការឃាត់ខ្លួនជន​ជាតិវៀតណាម ធ្វើឡើងនៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិបាវិតកណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង។

លោកបន្ដថា ដោយទទួលបានព័ត៌ពីសកម្មភាពជនខាងលើនេះ លោកបានដាក់បញ្ជាឲ្យលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ញាការរងទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ទ្រឿង មិញថុង អាយុ២១ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិ៥ សង្កាត់តឹងហៀប ក្រុងធូយូវ ខេត្តប៊ិនយឿង ប្រទេសវៀតណាម ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ កាំភ្លើងAK47 មួយដើម , បង់ចំនួន, គ្រាប់៥៦គ្រាប់ , ឡាស៊ែដាក់ជាប់កាំភ្លើង១ , សឺមែល១, សាងសម្រាប់ដាក់គ្រាប់១ខ្សែ និងពិលចំនួន១ ។

ជនសង្ស័យបានឆ្លើយបំភ្លឺនៅមុខសមត្ថកិច្ចដោយបានបញ្ជាក់ថា ៖ កាំភ្លើងនេះ គឺមានបុរសម្នាក់មិនស្គាល់អត្ត សញ្ញាណនោះទេ បានយកកាំភ្លើង និងគ្រាប់ រួមទាំងសម្ភារខាងលើមកលក់ឲ្យខ្លួន ។

បើទោះយ៉ាងណា ការកាន់កាប់ ឬរក្សាទុកអាវុធដោយខុសច្បាប់ ត្រូវតែអនុវត្តទោសទៅតាមច្បាប់របស់ប្រទេស ។ ដូច្នេះជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនរួម និងចាប់យកវត្ថុតាង កសាងសំណុំរឿង បញ្ជួនបន្តទៅតុលាការចាត់ការតាមនីតិវិធី ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print