ឆបោកតាមប្រព័ន្ធសង្គមហ្វេសប៊ុក ត្រូវអាវុធហត្ថឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង: យុវជនម្នាក់ ជានិស្សិតឆ្នាំទី១ ផ្នែកIT ត្រូវប៉េអឹមខេត្តស្វាយរៀង សហការជាមួយស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ករណីឆបោកតាមប្រព័ន្ធសង្គមហ្វេសប៊ុក កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិគោកល្វៀង សង្កាត់់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្លាំងរាជធានីភ្នំពេញ សហការជាកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលផែនយុត្តិធម៌ ចុះបង្ក្រាបនិងឃាត់ខ្លួនបានយុវជនម្នាក់ ពីបទឆបោកតាមប្រព័ន្ធហ្វេសប៊ុក និងដកលុយតាមវីង នៅចំណុចកើតហេតុខាងលើ ។

ប្រភពបន្តឲ្យដឹងទៀតថា តាមការឆ្លើយសារភាពរបស់ជនសង្ស័យមានឈ្មោះ រុន ណាលិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជានិស្សិតឆ្នាំទី១ ផ្នែក IT មានទីលំនៅភូមិដូនស ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយនៅថ្ងៃដដែល សមត្ថកិច្ចបានមកដកលុយ ដែលបានមកពីការឆបោកតាមហ្វេសប៊ុក (ពោល គឺហែកអាខោនហ្វេសប៊ុកឲ្យជនរងគ្រោះផ្ញើលុយឲ្យខ្លួន)។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានទូរស័ព្ទ១គ្រឿង បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន រួមនិងវត្ថុតាងយកមករក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក ស្រី វុត្ថា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងរាយការណ៍ឲ្យសមត្ថកិច្ចរាល់សកម្មភាពកើតមានឡើងក្នុងមូលរដ្ឋាន ហើយសូមឲ្យបងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការឆបោករបស់ជនខិលខូចតាមរយៈរូបភាពផ្សេងៗជាច្រើន ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print