ភ្នំពេញ ៖ បន្ទាប់ពីមានភាពភ្ញាក់ផ្អើលការបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុក ក្នុងន័យបំភិតបំភ័យបំពុលសង្គម ក្នុងខ្លឹមសារថា មានក្រុមរដ្ឋឥស្លាម (ISIS) កំពុងដើរចាក់បញ្ចូលមេរោគអេដស៍ ដល់ប្រជាពលរដ្ឋតាមផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជា ចែកចាយតៗគ្នារួចមក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសផ្សព្វផ្សាយកុំឱ្យប្រជា ពលរដ្ឋ ជឿចំពោះការចែកចាយព័ត៌មាននៅតាមបណ្តាញសង្គម Facebook។
យោងតាមគេហទំព័រនគរបាលជាតិបានធ្វើការអំពាវនាវដូច្នេះថា «បើបងប្អូនប្រជាពលរដ្ឋជួបហេតុការណ៍បែបនេះ សូមកុំជឿឲ្យសោះ ព្រោះវាជាហេតុការណ៍មិនពិត ហើយប្រញ៉ាប់រាយ ការណ៍មកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការ » ។ ចំពោះហេតុការណ៍នេះត្រូវបានគេបង្ហោះនៅតាមបណ្តាប្រទេសផ្សេងៗ ហើយបច្ចុប្បន្នបានហូរចូលមកដល់ប្រទេសកម្ពុជា ក៏ប៉ុន្តែហេតុការណ៍នេះ គឺវាមិនពិតនោះទេ វាជាហេតុការណ៍ក្លែងក្លាយ ។
មន្ត្រីនគរបាលជាតិក៏បានបញ្ជាក់ដែរថា ការផ្សព្វផ្សាយនោះ គឺជារឿងមិនពិតទាល់តែសោះ ហើយនគរបាលជាតិ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ប្រញាប់រាយការណ៍មក អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការ លើអ្នកបំផុសបំផុលរឿងរ៉ាវក្លែងក្លាយនេះ។
សារដែលជនទុច្ចរិតបង្ហោះចែកចាយតៗគ្នាមានខ្លឹមសារ ដូចខាងក្រោម ៖
ប្រុងប្រយ័ត្ន….ប្រសិនបើនរណាម្នាក់មកគោះទ្វារផ្ទះរបស់អ្នក ហើយនិយាយថា យើងមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រចង់សាកល្បងជាតិស្ករក្នុងឈាមរបស់អ្នកដោយ ឥតគីតថ្លៃនោះ សូមលោកអ្នកកុំផ្តល់ការអនុញ្ញាតឱ្យគេធ្វើតេស្តឱ្យសោះ។ សូមហៅទូរស័ព្ទទៅកាន់ប៉ូលីសភ្លាមៗ។ ពួកគេគឺជាភេរវកម្ម I.S.I.S ពួកគេគឺដើម្បីចាក់ H.I.V មេរោគអេដស៍ចូលទៅក្នុងឈាមរបស់លោកអ្នក។ សូមចែករំលែកព័ត៌មាននេះ ទៅមិត្តភក្ភិ និងសាច់ ញាតិរបស់លោកអ្នក។ សូមអរគុណពីប៉ូលីស»៕ នគរដ្រេហ្គន