បែកធ្លាយមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ផ្នែកសម្រាលកូនមានការធ្វេសប្រហែសបណ្តាលឲ្យម្តាយ និងទារកស្លាប់ក្រោយពេលវះកាត់យកទារកពីផ្ទៃម្តាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សង្ស័យដោយសារតែការធ្វេសប្រហែស មិនមានការប្រុងប្រយ័ត្ន ក្នុងពេលបំពេញកាតព្វកិច្ច ដែលទាក់ទងទៅ និងលក្ខណ: បច្ចេកទេស គិលានុបដ្ឋាក និងឆ្មបផ្នែកសម្រាលកូននៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុកាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកនេះ បណ្តាលឲ្យស្ត្រីវ័យក្មេងម្នាក់ និងទារកនៅក្នុងផ្ទៃបានស្លាប់បាត់បង់ជីវិតក្រោយពេលក្រុមគ្រូពេទ្យផ្នែកសម្រាលកូនបានធ្វើការវះកាត់។
នេះបើតាមសំដីរិះគន់ពីក្រុមគ្រួសារសាច់ញាតិស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិត និងអ្នក ដែលបានឃើញហេតុការណ៍បានរៀបរាប់អ៊ុំស្រីឈ្មោះឯម សុខាត្រូវជាម្តាយសាកសពស្ត្រីរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតទាំងម្តាយ និងកូន បានរៀបរាប់ទាំងទឹកភ្នែកលាយឡំដោយក្តីសោកស្តាយថា កូនស្រីគាត់ឈ្មោះ ធា ណារី អាយុ៣១ឆ្នាំ មុខរបរជាជាងកាត់ដេរសម្លៀកបំពាក់ ប្តីរបស់ស្ត្រីរងគ្រោះឈ្មោះឈឿន សំណាង មុខរបរជាជាងជួសជុលរថយន្ត រស់នៅជាមួយឪពុក ម្តាយមានទីលំនៅភូមិ០២ សង្កាត់លេខ០៣ក្រុង.ខេត្តព្រះសីហនុ ។

ប្រភពខាងលើបានបន្តទៀតថាកន្លងមកដោយយល់ឃើញថាមន្ទីរពេទ្យបង្អែកខាងលើទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុក៍ដូចជាការគាំទ្រពីសំណាក់ប្រជាពលរដ្ឋមកពីក្រៅខេត្តស្រាប់តែពេលវេលាខាងលើនេះដោយសារតែការធ្វេសប្រហែសមិនមានការប្រុងប្រយ័ត្នរបស់ក្រុមគ្រូពេទ្យក្នុងវេនប្រចាំការផ្នែកសម្រាលកូននាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បណ្តាលឲ្យកូនស្រីរបស់គាត់ និងទារកបានស្លាប់បាត់បង់ជីវិតក្រោយពេល សម្រាលដោយវះកាត់យកកូនចេញពីផ្ទៃបានប្រមាណជា៣០នាទីប៉ុណ្ណោះ ។

អ៊ុំស្រីជាម្តាយ និងស្វាមីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែកលាយឡំ នឹងក្តីសោកស្តាយជាពន់ពេក ដែលបាត់បង់កូនស្រី និងជាប្រពន្ធជាទីស្រឡាញ់ដោយបានបញ្ជាក់ថាកូនស្រីគាត់មានកូនស្រីមួយអាយុទើបតែបាន៣ខួបប៉ុណ្ណោះ ហើយការសម្រាលកូននាពេលវេលាខាងលើជាកូនទី០២ទៅហើយមិនគួរណាមានហេតុការណ៍អកុសលបែបនេះកើតឡើងបាន ។

គាត់បានបន្តឲ្យដឹងអំពីសកម្មភាព ដែលកូនរបស់គាត់ឈឺពោះសម្រាលកូនតាំងពីចាប់ផ្តើមជំហ៊ានដំបូងដោយសារមើលឃើញកូនគាត់(ស្ត្រីរងគ្រោះ)មានសុខភាពល្អរធម្មតាក្រុមគ្រូពេទ្យប្រចាំការបានឲ្យកូនគាត់សម្រាលតាមលក្ខណ:ធម្មត្តា ដោយប្រើរយ:ពេលយូរស្ត្រីរងគ្រោះខំប្រឹងក្នុងពេលសម្រាលទារកតែសម្រាលមិនបាន ទុករហូតដល់យឺតពេលទៅហើយបានក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់យកកូនចេញពីផ្ទៃម្តាយ ។

បន្ទាប់ពីធ្វើការវះកាត់រួចមុខរបួសស្ត្រីរងគ្រោះហូរឈាមមិនឈប់ពេលនោះក្រុមគ្រូពេទ្យក៍ចាប់ផ្តើមធ្វើការវះកាត់ជាលើកទី០២ទៀត ។ បន្ទាប់ពីការវះកាត់ហើយរួចរាល់បានរយ:ពេលប្រមាណ ៣០នាទីស្ត្រីរងគ្រោះ និងទារិកាបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខាងលើនេះតែម្តង ។

ម្តាយស្ត្រីរងគ្រោះបានបញ្ជាក់ឲ្យដឹងទៀតថាបន្ទាប់ពីកូនស្រី និងចៅរបស់គាត់បានស្លាប់ទៅហើយ គ្រូពេទ្យប្រធានវេនប្រចាំការក្នុងថ្ងៃកើតហេតុមិនបានយកចិត្តទុកដាក់ផ្តល់ជាកម្លាំងចិត្ត បង្ហាញពីហេតុផលដើម្បីជាការផ្តល់នូវកម្លាំងចិត្តដល់ក្រុមគ្រួសារសព បែរជាប្រើពាក្យគម្រាមគាត់បន្ថែមទៀតថាបើហ៊ានតែទៅប្តឹងផ្តល់ មុីងមិនអាចមានមុខចូលមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខាងលើបានទៀតទេថ្ងៃក្រោយ ដែលសំដីគំរាមកំហែងបែបនេះគ្រួសារសពបានចាត់ទុកថាជាគ្រូពេទ្យមិនមានវិជ្ជាជីវ:ទើបទុកឲ្យកូនស្រីគាត់ និងចៅស្លាប់បែបនេះ ។ ក្រោយកើតហេតុខាងលើសំណុំរឿងដ៏ក្តៅគគុកមួយនេះត្រូវបានក្រុមគ្រូពេទ្យផ្នែកសម្រាលកូនវេនប្រចាំការបានព្យាមលាក់បាំងជាមួយក្រុមគណ:គ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តព្រះសីហនុ លុះដល់បែកធ្លាយទើបរត់ជាន់ជើងគ្នា ។

ព័ត៌មានដែលទើបទទួលបានជាចុងក្រោយពីគ្រួសារសពស្ត្រីរងគ្រោះបានឲ្យដឹងថា អាណាព្យាបាលគ្រូពេទ្យទទួលបន្ទុកក្នុងហេតុការណ៍ខាងលើគ្រោងជូនជាថវិការចំនួន៥០០០ដុល្លារអាមេរិកដើម្បីបញ្ចប់រឿងមិនមានការប្តឹងផ្តល់បន្តទៀត ។ ដោយឡែកលោកប្រធានគណ:ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីមានការបែកធ្លាយសំណុំរឿងខាងលើ គណ:ក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាល និងចាត់ចែងឲ្យផ្នែកគាំពារសុខភាពម្តាយ និងទារកចុះបន្តការស្រាវជ្រាវដើម្បីចាត់ការបន្តទៅតាមច្បាប់ ។

ក្រុមគ្រួសារ សាច់ញាតិសពស្តរីរងគ្រោះខាងលើបានសំណូមពរដល់លោក យន្ត មីនអភិបាលខេត្តព្រះសីហនុ និង លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជួយអន្តរាគមន៍ដើម្បីបានផ្តល់ភាពយុត្តិធម៏សម្រាប់សពស្ត្រីរងគ្រោះ និងក្រុមគ្រួសារសាច់ញាតិ បានស្ងប់អារម្មណ៍ ។ ជាពិសេសសំណូមពរ ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចកិត្តិបណ្ឌិតតែងតែយកចិត្តទុកដាក់ខ្ពស់មិនថា នៅទីប្រជុំជន ឬជនបទដាច់ស្រយាលអំពីការគាំពារសុខភាពមាតា និងទារក ។

ដោយឡែកលោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខាងលើនេះ មិនអាចស្វែងរកការបំភ្លឺបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកលើក ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print