ខេត្តពោធិ៍សាត់ ៖ លោក អភិបាល អភិបាលរងស្រុកកណ្ដៀងបានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផល ខណៈត្រីកំពុងពងកូននាទឹកទន្លេមេគង្គកំពុងហក់ឡើង ដោយកាប់បំផ្លាញ និងដុតកម្ទេចចោលនូវត្ថុតាង។
ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចជ្រោយវែង ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា លទ្ធផល៖ កម្លាំងធ្វើការបង្រ្កាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលប្រភេទរួមផ្សំបានរួមមាន ក្បកបរចំនួន ០២គ្រឿង ក្បាលឡុកចំនួន ០៣ សាច់សំឡាញ(អួន)ប្រវែងចំនួន ១០០០ម៉ែត្រ និងបង្គោលចម្រឹងចំនួន៧៣០ដើម។
ប្រភពដដែលខាងលើបន្តទៀតថា វត្ថុតាងជាលទ្ធផលក្នុងការបង្រ្កាបបទល្មើសនេសាទបានកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ហើយកម្លាំងសន្យានឹងបន្តធ្វើការបង្រ្កាបទៀត ដ៍រាបណាបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ប្រភេទឧបករណ៍រួមផ្សំទាំងនោះមានការថយចុះ។
ដោយឡែក ប្រភពរាយការណ៍ក្ដៅៗពីប្រជានេសាទនៅតំនោះ នារសៀលថ្ងៃខែឆ្នាំដដែលនេះ បានលើកឡើងស្រឌៀងៗគ្នាថា កម្លាំងចម្រុះដែលដឹកនាំដោយលោក អភិបាល អភិបាលរងនៃស្រុកកណ្ដៀង ក៍រងនូវការរិះគន់ផងដែរដោយធ្វើការបង្រ្កាបមានភាពលំអៀង(បែបគំគួន) ព្រោះថាបទល្មើសប្រភេទនេះកើតមានច្រើនស្ទើររាប់មិនអស់ នៅក្នុងដែនសហគមន៍នេសាទស្រីចឹក និងកោះក្អែក ប៉ុន្តែគេឃើញកម្លាំងទាំងនោះធ្វើការបង្រ្កាបតែ(មួយចំណុចពីកន្លែង) ហើយមានប្រវែងតែចំនួន ៦១០ម៉ែត្រប៉ុណ្ណោះ៕ ប៉ឹម ពិន