ភាពតានតឹងបន្តកើនឡើង ប្រធានាធិបតីអីុរ៉ង់ ស្បថថា នឹងធ្វើឲ្យអាមេរិកត្រូវតែ«លុតជង្គង់»

ចែករំលែក៖

សារព័ត៌មាន RT បានផ្សាយថា ប្រធា នាធិបតីអីុរ៉ង់ លោករ៉ូហានី បានប្រកាសថានឹងធ្វើឲ្យអាមេរិកត្រូវតែលុតជង្គង់ ក្នុង ពេលដែលទីក្រុងវ៉ាស៊ីនតោន បន្តគំរាម កំហែងដល់សម្ពន្ធមិត្ត ឲ្យឈប់ទិញប្រេង ពីអីុរ៉ង់ ក្រោយពីអាមេរិកដកកិច្ចព្រមព្រៀងបរមាណូ។

ប្រធានាធិបតីអីុរ៉ង់ លោក រ៉ូហានី បានបញ្ជាក់ថា «យើងនឹងមិនចុះចាញ់ ចំពោះគំនាបអាមេរិកឡើយ ហើយយើង នឹងធ្វើឲ្យអាមេរិក ត្រូវតែលុតជង្គង់ នៅក្នុងសង្គ្រាមចិត្តសាស្ត្រនេះ»។

ក្រោយពេលអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ កាល ពីខែឧសភា កន្លងមក អាមេរិកក៏បានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអីុរ៉ង់ បើទោះបីប្រទេសអឺរ៉ុប មកទល់ ពេលនេះនៅតែបដិសេធក្នុងការដកខ្លួន ចេញកិច្ចព្រមព្រមព្រៀងនោះក៏ដោយ។

កាលពីថ្ងៃទី២៦ ខែមិថុនា ក្រសួងការ បរទេសអាមេរិក បានព្រមានដាក់ទណ្ឌ កម្មទៅលើ ក្រុមហ៊ុនឯកជនមកពីអឺរ៉ុប បើនៅតែបន្តទិញប្រេងពីអីុរ៉ង់ ក្រោយខែ វិច្ឆិកានេះ។ ចំពោះសម្ពាធកាន់តែធំពី អាមេរិក ប្រធានាធិបតី រ៉ូហានីបានប្រកាស ថា រដ្ឋាភិបាលរបស់លោកនឹងការពារផលប្រយោជន៍អីុរ៉ង់ ដោយផ្តោតទៅលើការ ពង្រឹងសេដ្ឋកិច្ច ។ លោកបញ្ជាក់ទៀតថា អាមេរិកនឹងបរាជ័យនៅក្នុងការខិតខំធ្វើឲ្យអីុរ៉ង់ ស្ថិតនៅឯកោ។

លោករូហានីបញ្ជាក់ទៀតថា «បើទោះបីមានរឿងអាក្រក់បំផុតកើតឡើង ខ្ញុំសូមធានាថាតម្រូវការជាមូលដ្ឋានរបស់ពលរដ្ឋអីុរ៉ង់ នឹងត្រូវបានបំពេញគ្រប់គ្រាន់ ។ យើងមានរូបិយវត្ថុ អន្តរជាតិគ្រប់គ្រាន់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បើទោះបីយើងទទួល រងនូវគំនាបខ្លាំងប៉ុនណាក្តីតែយើងមិនបោះបង់សិទ្ធិនៅក្នុងការសម្រេចវាសនាខ្លួនដោយខ្លួនឯងឡើយ»។

ផ្ទុយទៅវិញអាមេរិកធ្លាក់នៅក្នុងស្ថានភាពពិបាកដោះស្រាយ នៅពេលដែល សម្ពន្ធមិត្តជិតស្និទ្ធបំផុត របស់ខ្លួនដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ កំពុងតែសហ ការគ្នា ដើម្បីរារាំង ទប់ស្កាត់ពេលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ត្រូវ រលាយ។ សូម្បីតែក្រសួងការបរទេសអាមេរិក ក៏បាន ទទួលស្គាល់ថា ការផ្អាកទិញប្រេងពីអីុរ៉ង់គឺជាឧបសគ្គយ៉ាងធំធេង មិនមានប្រទេស ណាមួយចង់បាននោះឡើយ។

ជាមួយគ្នានេះ ប្រធានាធិបតីអុីរ៉ង់ លោករ៉ូហានី បានអំពាវនាវឲ្យប្រជាជន គ្រប់ស្រទាប់រួបរួមគ្នា ដើម្បីឲ្យគ្រប់គ្នានៅតែមានក្តីសង្ឃឹម និងទំនុកចិត្ត ក្នុងពេល ដែលសេដ្ឋកិច្ចអុីរ៉ង់កំពុងជួបបញ្ហា ដោយ សារលុយក្នុងស្រុកធ្លាក់ថ្លៃ ។

សេដ្ឋកិច្ចអុីរ៉ង់កំពុងប្រឈមនឹងបញ្ហាធ្លាក់ថ្លៃលុយ Rial ដែលជារូបិយប័ណ្ណ ជាតិ។ ត្រឹមតែ៩ខែប៉ុណ្ណោះ លុយជាតិអុីរ៉ង់បានធ្លាក់ដល់ជិតពាក់កណ្តាលនៃតម្លៃដើម ប្រឈមនឹងដុល្លារអាមេរិក។ ស្ថាន ភាពនេះ បង្កឡើងដោយសារតែលោក ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋ អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ និងថែមទាំងគំរាមដាក់ទណ្ឌកម្មឡើងវិញប្រឆាំងអុីរ៉ង់ទៀតផង។

ដោយសារសេដ្ឋកិច្ចជាតិជួបភាពលំបាកបែបនេះ អាជ្ញាធរបានអំពាវនាវឲ្យប្រជា ជនរួបរួមគ្នាច្រើនដងហើយ ហើយនៅថ្ងៃ អង្គារនេះ ដល់វេនប្រធានាធិបតី រូហានី ចេញមុខផ្ទាល់អំពាវនាវឲ្យជនរួមជាតិ មាន សារព័ត៌មាន បញ្ញវន្ត ក្រុមនិកាយសុីអុីត សភា តុលាការជាដើម រួបរួមគ្នា។ លោក រូហានីបានចោទថា គឺសារព័ត៌មានរបស់ ពួកសត្រូវ ដែលបានបង្កឲ្យមានការព្រួយបារម្ភក្នុងស្រុកអុីរ៉ង់។

ដោយសារការធ្លាក់ថ្លៃរូបិយប័ណ្ណជាតិអុីរ៉ង់ ប៉ុន្មានសប្តាហ៍មកនេះ ក្រុមអភិរក្ស និយមជ្រុលបានវាយប្រហាររដ្ឋាភិបាលលោករ៉ូហានីជាខ្លាំង។ កាលពីថ្ងៃចន្ទកន្លង ទៅ ក្រុមអ្នកលក់ទំនិញ នៅទីក្រុងតេអេរ៉ង់ក៏បាននាំគ្នាតវ៉ាប្រឆាំងនឹងការធ្លាក់ថ្លៃលុយជាតិនេះដែរ។ ពួកគេត្អូញត្អែរថា ទំនិញ ឡើងថ្លៃ ប្រជាជនគ្មានលុយទិញទំនិញ ទេ។ ក្រុមអភិរក្សនិយមជ្រុលវិញ បាន ចោទរដ្ឋអំណាចលោករ៉ូហានីថា មិនគិតគូរ ប្រជាជនមានចំណូលទាប ដែលរងគ្រោះដោយសារការធ្លាក់ចុះនៃលុយជាតិ។ ពួក គេលើកឡើងថា “រដ្ឋាភិបាលមិនបានគោរពពាក្យសន្យាទាក់ទងនឹងបញ្ហាអតិផរណា។ ផ្ទុយទៅវិញ បែរជាគិតតែពីកំណែទម្រង់ មិនសូវសំខាន់ ដូចជាការបញ្ចូលនារីៗ ក្នុងពហុកីឡដ្ឋានបាល់ទាត់ជាមួយបុរសៗទៅវិញ”។

ដោយឡែកប្រធានាធិបតីចិនបាន បញ្ជាក់ថា “កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ដែល គាំទ្រ ចំពោះ ការរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និង មិនសាយ ភាយអាវុធនុយក្លេអ៊ែរ ត្រូវតែបន្តអនុវត្តឲ្យ បានជាក់ស្តែងតទៅមុខទៀត” ។
ប្រធានាធិបតីអុីរ៉ង់ លោក Rohani វិញ បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ រួមទាំងប្រទេសចិនផងដែរ សូមឲ្យ ដើរតួ នាទី ជាវិជ្ជមានមួយ នៅក្នុងសំណុំរឿង នុយក្លេអ៊ែរអ៊ីរ៉ង់-នេះបើយោងតាមទីភា្នក់ងារព័ត៌មានផ្លូវការចិនដដែល។

គួររំលឹកថា ជាមួយ អាល្លឺម៉ង់ អាមេរិក បារាំង អង់គ្លេស និង រុស្ស៊ី ប្រទេសចិន ក៏ជាប្រទេសហត្ថលេខីមួយដែរនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ជាមួយ អុីរ៉ង់ ហើយការដែលលោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ អុីរ៉ង់ ក៏ដូចជាសហ គ្រាសបរទេសនៅក្នុងប្រទេសអុីរ៉ង់ដែរនោះ កំពុងតែប្រឈមមុខនឹងទណ្ឌកម្ម សេដ្ឋកិច្ច សាជាថ្មីពីសំណាក់រដ្ឋបាលអាមេរិក។
នៅក្នុងន័យនេះហើយ បានជា ប្រធា នាធិបតីរុស្ស៊ី លោកពូទីន កាលពីថ្ងៃសៅរ៍ មុន នៅក្នុងទីក្រុង Qingdao បានធ្វើការ ព្រមានដល់អាមេរិកថា “សេចក្តីសម្រេច ចិត្តរបស់អាមេរិកបែបនេះ អាចនឹងជំរុញ ឲ្យស្ថានភាព រឹតតែពុំឋិតថេថែមទៀត”។

សូមបញ្ជាក់ថា នៅក្នុងកិច្ចសន្ទានា ទ្វេភាគី ជាមួយប្រធានាធិបតីរុស្ស៊ី ប្រធានា ធិបតីអុីរ៉ង់លោក Hassan Rohani បាន វាយតម្លៃបន្ថែមទៀត ថា “ កិច្ចពិភាក្សានានានឹងត្រូវតែបន្តធ្វើទៅមុខទៀតរវាងប្រទេសរុស្ស៊ីនិងអុីរ៉ង់ បន្ទាប់ពីអាមេរិក បានដកខ្លួនចេញស្រេចតែអំពើចិត្តរបស់ខ្លួន ពីកិច្ច ព្រមព្រៀង នុយក្លេអ៊ែរអុីរ៉ង់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print