ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ ក្នុងភូមិព្រែកសម្រោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្អូញតែ្អចំពោះអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុនសុខទៀង ដែលបង្ករជាសម្លេងថ្លង់នៅជាប់ខាងក្រោយផ្ទះរបស់ពួកគាត់ បង្ករការរំខានដល់ការរស់នៅ។
មន្រ្តីបំរើការងារក្នុងប្រសួងមហាផ្ទៃម្នាក់ ដែលមានលំនៅដ្ឋាន ជាប់ទីតាំងបូមខ្សាច់ខាងលើបានឲ្យដឹងថា ក្រុមហ៊ុនសុខទៀងទទួលបានអាញ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់ នៅចំណុចជិតគល់ស្ពានព្រែកសំរោងជាយូរមកហើយ ហើយតែងតែបង្ករជាសម្លេងថ្លង់ ពីម៉ាស៊ីនទូកបូមខ្សាច់ទាំងនោះរំខានដល់ការរស់នៅដល់អ្នកជិតខាង និងការរស់នៅរបស់គ្រួសារគាត់ផ្ទាល់។
លោកអះអាងថា សាឡង់បូមខ្សាច់ជាច្រើនគ្រឿងនេះបូមជារៀងរាល់ថ្ងៃ តាំងពីព្រឹកទល់ព្រលឹមដល់ពេលយប់ ធ្វើឲ្យពួកគាត់សម្ងំដេកពួនមិនបាននោះទេ។ លើសពីនេះកន្លងមកផ្ទះថ្មមួយខ្នងនៅក្នុងភូមិព្រែកសំរោងនេះ ត្រូវបានស្រុតបាក់ចូលទៅក្នុងទន្លេ ដោយសារការបូមខ្សាច់ជាប្រចាំនេះ ហើយពួកគាត់អំពាវនាវទៅដល់អាជ្ញាធរជំនាញ ត្រូវមានវិធានការពិត្យមើលករណីបូមខ្សាច់ក្រុមហ៊ុនខាងលើ ដោយជៀសវាងរំខានដល់ការរស់នៅពលរដ្ឋ និងជៀសវាងបង្ការកុំឲ្យមានការបាត់ស្រុតច្រាំងទន្លេបាត់ផ្ទះពួកគាត់ចូលទៅក្នុងទន្លេបន្តទៀត។
គួរបញ្ជាក់ថា ក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ធ្វើការបូមខ្សាច់នៅទន្លេបាសាក់ក្បែរទីតាំងខាងលើ ដើម្បីយកទៅចាក់បំពេញ ទីតាំងវាលទំនាបមួយ នៅក្បែរគល់ស្ពានព្រែកសម្រោង ដើម្បីធ្វើការអភិវឌ្ឍន៏ក្រុងតាខ្មៅ ប៉ុន្តែបច្ចុប្បន្នបែជាក្រុមហ៊ុននេះ ធ្វើសកម្មភាពបូមខ្សាច់លក់ទៅឲ្យក្រុមហ៊ុនឯកជន នានាល្មើសនឹងច្បាប់អនុញ្ញាតនោះទៅវិញ ហើយបានកំពុងប្រើប្រាស់រថយន្តធន់ធ្ងន់ជាច្រើនគ្រឿង ដឹកខ្សាច់ធ្លាក់រាយប៉ាយតាមផ្លូវ ដើម្បីដឹកយកទៅលក់ឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះនានានៅក្បែរទីតាំង ឬនៅឆ្ងាយទីតាំងនិងលក់បន្ត ទៅឲ្យក្រុមហ៊ុនផ្សេងៗក្នុងក្រុងភ្នំពេញ។ ករណីនេះបានធ្វើឲ្យក្រុមហ៊ុនបង្កើនទូក៣ទៅ៤គ្រឿង សម្រុកបូមយ៉ាងសស្រាក់ស្រាំទាំងយប់ទាំងថ្ងៃ ខុសទៅនឹងច្បាប់អនុញ្ញាត្តិ ដែលមានចំនួនតិចតួចហើយប្រែជាមានទំហុំធំ ធ្វើឲ្យប៉ះពាល់ខ្សាច់នៅតាមមាត់ច្រាំង និងអាចប៉ះពាល់ដល់លំនៅដ្ឋានពលរដ្ឋមានទីតាំងនៅក្បែរមាត់ច្រាំង តាមដងទន្លេបាសាក់នោះ ចាប់ពីក្រុងតាខ្មៅ ទៅដល់ក្បាលកោះអន្លងចិនក្នុងស្រុកស្អាង ដោយមិនមានការកំណត់ទីតាំងឲ្យបានច្បាស់លាស់នោះឡើយ។
ករណីនេះប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដែលអនុញ្ញាតច្បាប់ឲ្យក្រុមហ៊ុននេះ គួរមានវិធានការឲ្យក្រុមហ៊ុននេះអនុវត្តតាមកិច្ចសន្យានិងច្បាប់ផង ជៀសវាងបង្ករការបូមខ្សាច់អាណាធិបតេយ្យប៉ះពាល់ច្រាំងទន្លេ នៅក្បែរលំនៅដ្ឋានពលរដ្ឋ៕
ក្រុមហ៊ុន សុខ ទៀងបូមខ្សាច់បំពងសម្លេងរំខានដល់អ្នកភូមិសម្រោង នឹងបាក់ច្រាំង ស្រុតផ្ទះ
...