ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះឈ្មោះ អ៊ូច នី ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលស្រុកស្អាងបានឲ្យដឹងថា ជន រងគ្រោះឈ្មោះ ហ៊ ផានិត ហៅង៉ូវ ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់)។ រីឯជន សង្ស័យ២នាក់ ទី១-ឈ្មោះ អ៊ូច រី ហៅចូញ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខ របរ ជាងថតរូប មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល(កំពុងគេច ខ្លួន) និងទី២-ឈ្មោះ ស្រេង លីដា ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្ដាល មុខរបរកសិករ (ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួន)ដោយបានចាប់យកវត្ថុតាង មានកាំបិតប៉័ងតោដងឈើប្រវែង២០សង់ទីម៉ែត្រចំនួន១ផង ។
មន្ត្រីនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង៤រសៀលឈ្មោះ ឆាន់ ជរ័ ឈ្មោះ រុំ តុលា ឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ (ជនរងគ្រោះ) និងឈ្មោះ ស្រេង លីដា អ្នកទាំង៤ មានទីលំនៅភូមិឫស្សីស្រុក ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្ដាលបាននាំគ្នាផឹក ស្រាថ្នាំក្លែមសាច់ឆ្កែនៅផ្លូវកែងភូមិបឹងខ្ពប ឃុំខ្ពបដោយផឹកស្រាអស់ជាង១លីត្ររួច ឈ្មោះ រុំ តុលា បានទូរស័ព្ទហៅឈ្មោះ អ៊ូច រី ហៅចូញ មកផឹកជាមួយ។ ពេលផឹកស្រា អស់ជាង៣លីត្រក្លែមសាច់ឆ្កែរួចពួកគេបានបបួលគ្នាទៅច្រៀងខារ៉ាអូខេនៅឃុំត្រើយស្លា តែមុននឹងចេញទៅនាំគ្នាជិះម៉ូតូទៅផ្ទះ របស់ឈ្មោះ អ៊ូច រី ហើយរង់ចាំឈ្មោះ អ៊ូច រី ចេញពីងូតទឹក។ ពេលនោះឈ្មោះ ឆាន់ ជរ័ និងឈ្មោះ រុំ តុលា បានជិះម៉ូតូចេញទៅ មុន។
នៅតែគ្នា៣នាក់និងជនរងគ្រោះបានមួយសន្ទុះក្រោយមកឈ្មោះ ស្រេង លីដា បានដើរចេញទៅនោមនៅក្រោយផ្ទះ ហើយ ពេលចូលមកវិញក៏ឃើញឈ្មោះ ហ៊ ផានិត ហៅង៉ូវ ដេកលើឥដ្ឋមានឈាម ហើយឃើញ ឈ្មោះ អ៊ូច រី កាន់កាំបិតបុង័តោរួចឈ្មោះ ស្រេង លីដា ក៏បានចាប់ឱបចង្កេះឈ្មោះ អ៊ូច រី កុំឲ្យកាប់ថែមទៀត។ ពេលនោះ ឈ្មោះ អ៊ូច រី បានស្រែកថា លែងអញ អញ កាប់វាថែម ទៀតដោយមិនដឹង២នាក់នេះ(ជនដៃដល់និងជនរងគ្រោះឈ្លោះគ្នារឿងអីនោះទេ។ បានបន្តិចមកទើបឈ្មោះ អ៊ូច រី ទម្លាក់កាំបិតចោលរួចក៏ឡើងជិះម៉ូតូចេញ ទៅបាត់តែម្ដង។ ចំណែកឈ្មោះ ស្រេង លីដា បានទៅតាមហៅបងប្អូនរបស់ជនរងគ្រោះមកមើលហើយក៏ត្រឡប់មកកន្លែងកើតហេតុវិញសមត្ថកិច្ចហៅមកសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ រីឯ សាកសពក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ