ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកជំងឺ នៅក្នុងមន្ទីរពេទ្យ ត្រូវបានសន្តិសុខដែលយាមកាមនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នាម សំរឹទ្ធិ អាយុ២៧ឆ្នាំ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងដកហូតមាន ទូរស័ព្ទសាំសុងមួយគ្រឿង អាយផែតមួយគ្រឿង កាបូបលុយមួយ និងលុយមួយចំនួនទៀត ។
បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានសន្តិសុខពេទ្យព្រះកុសុម: ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ
...