ភ្នំពេញ៖ ស្ត្រីជាប្រពន្ធជនរងគ្រោះ បានស្នើសុំឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើយ៉ាងជួយដោះស្រាយសំណងឲ្យបានឆាប់ ក្នុងករណីភាគីម្ចាស់រថយន្តបង្កហេតុរបស់ក្រុមហ៊ុនចាវថៃ(ចិនតៃវ៉ាន់) ដែលបានបុកប្តីគាត់ស្លាប់យ៉ាងអាណោចអាធម្មខណៈដែលប្តីរបស់គាត់ជិះម៉ូតូឆ្លងផ្លូវបត់ចូលភូមិ។ ក្នុងក្តីបារម្មណ៍របស់ស្រ្តីរូបនេះ ដោយសារតែភាគីម្ចាស់រថយន្តហាក់បីដូចជាមិនអើពើក្នុងការចូលខ្លួនដោះស្រាយដោយផ្ទាល់ជាមួយសមត្ថកិច្ច និងគ្រួសារជនរងគ្រោះហើយក៏បានសម្តែងនូវក្តីបារម្មណ៍ ខ្លាចការពន្យាពេលដោះស្រាយរបស់សមត្ថកិច្ចដែលធ្លាប់កើតមានកាលពីកន្លងទៅ។
សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះមានឈ្មោះ សែម ផុន ភេទប្រុស អាយុជាង៦០ឆ្នាំ ជាកសិករ មានទីលំនៅភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ ជនរងគ្រោះជិះម៉ូតូម៉ាកស៊ីរូស ពណ៌ស។ រីឯរថយន្តបង្កហេតុម៉ាកHYUNDAI ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ន ម៉ឺនរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ វឿន វៃ ភេទប្រុស អាយុ២៧ឆ្នាំ ជាងដែក(អ្នករួមដំណើរ) បំរើការងារនៅក្រុមហ៊ុនចាវថៃ(តៃវ៉ាន់) មានទីតាំងនៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោរាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ សែម ផុន ជិះម៉ូតូស្របទិសគ្នាជាមួយនឹងរថយន្តពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុជនរងគ្រោះក៏បានបត់ម៉ូតូឆ្លងផ្លូវបត់ចូលផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិរកាកោះ សង្កាត់ព្រៃស នៅពេលបត់ឆ្លងផ្លូវរថយន្តក៏មិនបានបង្អង់ល្បឿនក៏បុកម៉ូតូជនរងគ្រោះអូសជាង៥០ម៉ែត្របណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។
វ៉ន ម៉ឺនរ៉ា អ្នកបើកបររថយន្តនិយាយថា ខ្លួនទើបតែមកពីផ្សារដែកឲ្យគេនៅសួនវឌ្ឍនៈ ផ្លូវវ៉េងស្រេង។
ពេលធ្វើការងារចប់ខ្លួនក៏បើកបររថយន្តទៅក្រុមហ៊ុនវិញ ដែលមានទីតាំងនៅភូមិស្រែ ញ សង្កាត់ពងទឹក ដោយធ្វើដំណើរពីកើតទៅលិចតាមបណ្តោយផ្លូវ៣០ម៉ែត្រនេះ។ លុះបើកបរមកដល់ចំណុចកើតហេតុ ជនរងគ្រោះនោះក៏ជិះម៉ូតូបត់ឆ្លងផ្លូវកាត់មុខរថយន្ត ធ្វើឲ្យគាត់ជាន់ហ្វ្រាំងមិនទាន់ក៏បុកអូសឆ្លងផ្លូវទាំងម៉ូតូ និងមនុស្សតែម្តង។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃសៅរ៍ ៣រោច ខែមឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ស្ថិតត្រង់ចំណុចភូមិព្រៃទទុយ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ នាក់ ណារ៉ូ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី០១កក្កដា ថា ករណីនេះបង្កឡើងដោយខាងភាគីរថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ ចំណែកជនរងគ្រោះក៏ជាចំណែករួមខុសផងដែរ ដោយសារជនរងគ្រោះបានបត់ឆ្លងផ្លូវមុខរថយន្ត ហើយអ្នកបើកបរជាន់ហ្វ្រាំងមិនទាន់។ លោកបន្តថា បច្ចុប្បន្នរថយន្តបង្កហេតុនិងអ្នកបើកបរបានប្រគល់ឲ្យការិយាចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕ តាឡឹម