អន់ចិត្តកូនទិញទូរស័ព្ទឲ្យប្រើ ហើយយកទៅវិញ បញ្ចប់ជីវិតខ្លួនឯង

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ អន់ចិត្តកូនទិញទូរស័ព្ទឲ្យប្រើ ក្រោយមកទូរស័ព្ទនោះរលត់ ហើយកូនក៏យកមកវិញមិនឲ្យប្រើ ក្រោយពី​សាកថ្មរួចបើកចេញវិញ ឪពុកអន់ចិត្តកូនថា មិនចង់ឲ្យគាត់ប្រើ ក៏រអ៊ូរួចទៅផឹកស្រា ពេលត្រឡប់មកវិញ ក៏យកខ្សែនីឡុងចងកក្រោមផ្ទះស្លាប់តែម្ដង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង១០យប់ ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៃ ប៉ុយ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគម មាន​ប្រពន្ធឈ្មោះ គ្រុយ ឡាង អាយុ៣៩ឆ្នាំ មានកូន៤នាក់ ប្រុស១នាក់។

សមត្ថកិច្ចបន្តថា មូលហេតុ ដែលឈានដល់កើតហេតុបែបនេះ មកពីជនរងគ្រោះ អន់ចិត្តនិងកូនស្រីឈ្មោះ កង លាង អាយុ១៦ឆ្នាំ ដែលបានទិញទូរស័ព្ទឲ្យប្រើ ក្រោយមកទូរស័ព្ទនោះរលត់ កូនក៏យកមកវិញមិនឲ្យប្រើ ក្រោយមកបើកដំណើរ​ធម្មតាវិញ ឪពុកអន់ចិត្ត កូន​ថា មិនចង់ឲ្យគាត់ប្រើ ក៏ដើររអ៊ូរួចទៅផឹកស្រា ពេលត្រឡប់មកវិញ ក៏យកខ្សែលីឡុងចងកនិងរ៉ូតក្រោមផ្ទះខ្លួនឯងស្លាប់​តែម្តង។

ក្រោយពេលទទួលបានព័ត៌មានកម្លាំងនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់​ឡើយ ហើយប្រពន្ធនិងកូនជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា គាត់ពិតជាបានធ្វើអត្តឃាតដោយចងកខ្លួនគាត់ពិតមែន តាមមូលហេតុដូចបានរៀបរាប់ខាងលើ។ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print