មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកវិភាគមើលឃើញថា មិនចោលក្បួនបាតដៃ ខ្នងដៃ ។ ក្បួនបាតដៃ ខ្នងដៃ បានធ្វើឲ្យគណបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី កាន់តែបាត់បង់ប្រជាប្រិយភាព ។ នោះគឺការដែលលោកបានអះអាងយ៉ាងម៉ឺងម៉ាត់ថា ទោះបីជាស្លាប់ ក៏ត្រូវវិលត្រឡប់ចូលស្រុកប្រឈមនឹងការចាប់ខ្លួនតាមអំណាចច្បាប់នោះដែរ ។ និយាយមិនទាន់ផុតពីមាត់ផង បែរជាឡប់ឡែវិញថា មិនទាន់ចូលទេ ព្រោះរង់ចាំពេលវេលាសិន ។
នេះជាចរិតនៃការមិនទទួលខុសត្រូវរបស់មេដឹកនាំប្រឆាំងរូបនេះ ។ វាគ្មានប្រយោជន៍ទាល់តែសោះដែលត្រូវរង់ចាំអន្តរាគមន៍ពីអន្តរជាតិ និងរង់ចាំពេលវេលានោះ ។ ផលប្រយោជន៍បានតិចតួចពីការពន្យារពេលនេះជាងអ្វីដែលលោកសម រង្ស៊ីអះអាងថា នឹងត្រឡប់ចូលស្រុក ។ ផលប្រយោជន៍ដែលបាននោះគឺ មានអ្នកវិភាគថា នឹងមានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទៅចាំទទួលលោក ។ ពេលនោះគេភ័យខ្លាចថា មានអំពើហិង្សាកើតឡើង ។ អាចនិយាយបានថា អវត្តមានកាលពីយប់ថ្ងៃចន្ទ ជួយមិនឲ្យមានអំពើហិង្សាជាយថាហេតុណាមួយដែលអាចនឹងកើតឡើងចំពោះវត្តមានរបស់លោកនៅព្រលានយន្តហោះណាមួយក្នុងប្រទេសកម្ពុជា ។
ប៉ុន្តផលអាក្រក់ត្រូវបានគេនិយាយថា គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលចំពោះការដែលលោកសម រង្ស៊ី មិនវិលចូលស្រុកនោះទេ ព្រោះគេចាត់ទុកថា នេះជាទម្លាប់របស់មេដឹកនាំគណបក្សប្រឆាំងដែលមិនហ៊ានប្រឈមនឹងការចាប់ខ្លួន ។ មិនតែប៉ុណ្ណោះការដែលលោកសម រង្ស៊ីមិនត្រឡប់ចូលស្រុកនៅពេលនេះធ្វើឲ្យនយោបាយនៅកម្ពុជាកាន់តែក្តៅ និងប្រជាប្រិភាពគណបក្សនេះកាន់តែធ្លាក់ចុះ ។ អ្វីដែលជាភាពមិនទទួលខុសត្រូវបានលេចត្រដែតឡើងចំពោះមុខលោកសម រង្ស៊ី និងសមាជិកអ្នកគាំទ្ររបស់ខ្លួន ។ អ្នកខ្លះបានចំណាយសាំងរថយន្តធ្វើដំណើរទៅខេត្តសៀមរាបចាំទទួលលោកប្រធានសម រង្ស៊ី ប៉ុន្តែបែរជាលោកប្រធានប្រកាសមិនត្រឡប់ចូលវិញនោះ ។ តើឈឺចាប់ប៉ុនណា?
វាជាមេរៀនដដែលៗ ដែលលោកសម រង្ស៊ីធ្លាប់ធ្វើតាំងពីដើមរៀងមក ។ ទង្វើបែបនេះ គឺឆ្លុះបញ្ចាំងថា មេដឹកនាំគណបក្សប្រឆាំងរូបនេះនិយាយបាតដៃ ខ្នងដៃ ។ វត្តមានរបស់លោកសម រង្ស៊ី នៅក្រៅប្រទេសកាន់តែយូរ ស្ថានការសម្រាប់ក្រុមអ្នកគាំទ្រហាក់ដូចជាថមថយ ។ អ្វីៗវាអាស្រ័យទៅលើឆន្ទៈរបស់មេដឹកនាំគណបក្សប្រឆាំងនេះផ្ទាល់ ។ ជាក់ស្តែងការដែលលោកអាចចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣កន្លងមក គឺមិនមែនដោយសារអន្តរាគមន៍ពីអន្តរជាតិនោះឡើយ ។ ប៉ុន្តែដោយសារតែការយោគយល់របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។
អ្វីដែលសំខាន់គឺការចូលខ្លួនដោះស្រាយបញ្ហាតាមផ្លូវច្បាប់ ប្រសើរជាងការរត់គេចមិនហ៊ានប្រឈមចំពោះមុខច្បាប់ ។ នោះគឺជាអ្នីដែលលោកសម រង្ស៊ីបាននិយាយប្រាប់ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រកបដោយសេចក្តីក្លាហានថា ទោះជាយ៉ាងណា លោកត្រូវតែត្រឡប់ចូលមកប្រទេសកម្ពុជាឲ្យទាល់តែបាន ។ លោកថា ទោះបីជាស្លាប់ ក៏ត្រូវចូលស្រុកដែរ ។ នេះគឺជាបាតដៃ ។ ចំណែកឯខ្នងដៃ គឺនៅល្ងាចថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោកសម រង្ស៊ីនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា យោងតាមកិច្ចប្រជុំរបស់គណបក្សសង្គ្រោះជាតិ ពួកគេមិនអនុញ្ញាតឲ្យលោកត្រឡប់ចូលស្រុកទេ ។ លោកបានទម្លាក់ការទទួលខុសត្រូវបញ្ហាត្រឡប់ចូលស្រុក ទៅលើផ្ទៃក្នុងគណបក្សទៅវិញ ។ ចុះការដែលលោកប្រកាសថា ទោះយ៉ាងណាក៏ត្រឡប់ចូលស្រុក ម្តេចក៏មិនរកការយល់ព្រមពីគណបក្សជាមុនសិនទៅ ។
វាពិតជាដដែលៗ ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះឆ្លុះបញ្ចាំងឲ្យឃើញនោះគឺ គាត់មិនមែនជាអ្នកទទួលខុសត្រូវចំពោះសម្តីដែលខ្លួនបាននិយាយនោះឡើយ ។ កូនប្រុសមិនគួរបែបនេះទេ! ចុះទម្រាំជាមេដឹកនាំគេទៀតផងនោះ តើត្រូវទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួនបែបណា? ទង្វើបែបនេះបានធ្វើឲ្យសមាជិក អ្នកគាំទ្រគណបក្សសង្គ្រោះជាតិពិចារណា និងយល់ថា តើខ្លួនគួរមានមេដឹកនាំដែលមិនទួលខុសត្រូវបែបនេះឬទេ? ធម្មតា គាត់មិនមែនជាអ្នកទទួលខុសត្រូវគ្រប់បញ្ហា ហើយតែងតែរត់ទៅបរទេស សូម្បីតែបញ្ហាផ្ទៃក្នុងគណបក្សក៏ដោយ ៕
ដោយ៖ នួន នរិន្ទ្រន៍