ក្រុមជសង្ស័យវាយប្លន់យកម៉ូតូស៊ុយសុីគីឡែតមួយគ្រឿងបានសម្រេចរួចគេចខ្លួនដោយសុវត្ថភាព

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីនាក់ត្រូវក្រុមជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូស៊ុយសុីគីឡែតមួយគ្រឿងបានសម្រេចរួចគេចខ្លួនដោយសុវត្ថភាពខណះពួកគេទើបតែចេញពីធ្វើការបម្រុងជិះត្រឡប់ទៅផ្ទះវិញ។អំពើវាយប្លន់នេះបានកើតឡើងកាលពី ថ្ងៃចន្ទ ១២រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩និង៥០នាទីយប់ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធន: តូតាល់ ក្បែរសួនកំសាន្តចំការព្រីញ តាមបណ្តោយផ្លូវ២០១១ ស្ថិតសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ កាន​ តុលា​ ភេទ​ប្រុស​ អាយុ២៤​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​ ស្នាក់​នៅ​បន្ទប់ជួលម្តុំវ​ត្តតាំងក្រសាំង សង្កាត់​កាកាបទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(ម្ចាស់ម៉ូតូ)។ និងម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ​ ហិន​ រដ្ឋា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ជាកម្មករ​ រោងចក្រ​ ស្នាក់​នៅ​ជាមួយគ្នា។

ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេទាំង២នាក់ ទើបតែចេញពីកន្លែងធ្វើការនៅម្តុំរង្វង់មូលចោមចៅហើយបំណងត្រឡប់ទៅបន្ទប់ជួលវិញនៅម្តុំវត្តតាំងក្រសាំង ដោយបើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីឡែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ 1P-4836 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតហើយក៍បត់ឆ្វេងចេញពីផ្លូវសហព័ន្ធរុស្សីពីត្បូងទៅជើងវិញឆ្ពោះទៅវត្តតាំងក្រសាំងក្នុងល្បឿនលឿន។

លុះមកដល់ខាងមុខអាកាសយន្តដ្ឋានភ្នំពេញអន្តរជាតិពោធិ៍ចិនតុង ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងម៉ាក ហុងដាឌ្រីម មិនចាំស្លាកលេខ ជិះមកពីក្រោយហើយបានស្រែកដាក់ជនរងគ្រោះថា ពួកហែងជិះម៉ូតូឈ្លើយម្ល៉េះ ថែមទាំងដកខ្សែក្រវាត់វាយទៅលើជនរងគ្រោះទាំង២នាក់ថែមទៀតផង។ ភ្លាមៗនោះដោយជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេកក៏បានជិះម៉ូតូរត់គេចខ្លួនទៅខាងមុខទៀតទាំងហួសផ្លូវចូលបន្ទប់ជួលរបស់ពួកគេ។

ប្រភពបន្តទៀតថាហើយពេលនោះក្រុមជនសង្ស័យក៏បន្តជិះដេញតាមវាយជនរងគ្រោះទាំង២នាក់ខាងលើ រហូតទៅដល់ចំណុចកើតហេតុដោយជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេកក៏ចាប់ហ្វ្រាំងម៉ូតូបណ្តាលឲ្យដួល រួចជនរងគ្រោះទាំង២នាក់រត់ចោលម៉ូតូយករួចខ្លួន។ភ្លាមនោះដោយក្រុមជនសង្ស័យឃើញជនរងគ្រោះរត់ចោលម៉ូតូ ឆ្លៀតឱកាសល្អក៏រត់ទៅលើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនទៅបាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែកាន់កាត់គ្រីម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅខាងលើ ទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដោយក្តីសោកស្តាយតែប៉ុណ្ណោះ។

សូមរំលឹកថាករណីវាយប្លន់យកម៉ូតូលើកទី២ ដែលកើតឡើងនៅថ្ងៃតែមួយនៅក្នុងទឹកដីខណ្ឌសែនសុខ ដោយកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរំលងអធ្រាត្រ ថ្ងៃទី១០ខែឆ្នាំដដែលនៅក្នុងសង្កាត់ទឹកថ្លា ដែលជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូស៊ុយសុីគីឡែតមួយគ្រឿងពីយុវជនប្រុសស្រីបីនាក់ដែលទើបតែជិះចេញពីក្លឹប តែមិនបានសម្រេចនោះទេតែបង្កឲ្យរងគ្រោះម្នាក់រងរបួសបែកក្បាលនិងពីរអ្នករងរបួសស្រាល ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print