រូបថត និងសម្តីមួយល្បះរបស់រដ្ឋមន្ត្រី ហាក់បង្កប់អត្ថន័យជ្រៅសម្រាប់អ្នកសិល្បៈពិចារណា

ចែករំលែក៖

ភ្នំពេញ៖ រូបថតនៃការចូលរួមរបស់រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ខៀវ កញ៉ារីទក្នុងកម្មវិធីដែលរៀបចំដោយអ្នកសិល្បៈមួយហាក់បានបង្កប់អត្ថន័យជ្រៅសម្រាប់អ្នកសិល្បៈមកពិចារណា។

ពិចារណាព្រោះតែសម្តី និងពាក្យមួយល្បះនេះហាក់ចង់ដាស់អារម្មណ៍អ្នកសិល្បៈឲ្យធ្វើការពិនិត្យលើការប្រើប្រាស់ពេលវេលាឲ្យបានសមស្រប។

រូបថតបង្ហាញពីការអង្គុយតុតែម្នាក់ឯង អមដោយពាក្យមួយល្បះថា”ក្នុងកម្មវិធីគេដាក់ថាម៉ោង ៤ ដល់ ៤ កន្លះ គណអធិបតីអញ្ជើញដល់ ក៏សំរេចថាទៅដល់ម៉ោង ៤ កន្លះ ជាលទ្ធផលគេអោយមួយតុម្នាក់ឯង” ។ ការបង្ហោះនេះធ្វើឡើងមួយក្រោយពីរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញទៅចូលរួមពិធីជប់លៀងជួបជុំសិល្បករនៃពិធីខួបគម្រប់២ឆ្នាំនៃការបង្កើតក្រុមសិល្បករឈ្មោះថា”គ្រួសារតារាកម្ពុជា”នៅភោជនីយដ្ឋានមួយកាលពីល្ងាចថ្ងៃទី០៩ខែកក្កដាកន្លងទៅ។

ដោយសាររូបថត និងពាក្យមួយល្បះនេះបានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានអ្នកចុចLike បញ្ចេញយោបល់ និងចែករំលែកជាច្រើន។

អ្នកបានឃើញរូបថត និងឃើញពាក្យខាងលើស្ទើតែទាំងអស់សុទ្ធតែបង្ហាញពីអារម្មណ៍ហួសចិត្ត និងការទ្វេសប្រហែល និងមើលងាយពេលវេលារបស់សិល្បករ រហូតទុកឲ្យរដ្ឋមន្ត្រីអង្គុយចាំអ្នកសិល្បកររាប់រយនាក់ទៅវិញ ដែលខុសអំពីកម្មវិធីនានាដែលភ្ញៀវចូលរួមត្រូវទៅអង្គុយរងចាំគណអធិបតីនោះ។ សារខាងលើក៏អាចជាសារដាសតឿនក្រើនរំលឹកទៅដល់សិល្បករ ផលិតករ អ្នកផលិតកម្មវិធីឲ្យយកចិត្តទុកដាក់ខ្លាំងទៅលើពេលវេលាព្រោះតែពេលវេលាសុទ្ធតែមានតម្លៃ និងចូលរួមគោរពសិទ្ធិ និងការងារគ្នាទៅវិញទៅមកគ្រាដែលការងារសិល្បៈទាំងអស់សុទ្ធតែមានការពាក់ព័ន្ធគ្នា។

លោករដ្ឋមន្ត្រីក៏ទទួលបានការកោតសរសើរខ្លាំងផងដែរគ្រាដែលចូលរួមកម្មវិធីខាងលើរហូតដល់ចប់ចុងចប់ដើមដល់ម៉ោង១១អាទ្រាតដោយមានការប្រគល់ពានរង្វាន់ ប័ណ្ណសរសើរ មេដាយដល់សិល្បករក្មេងចាស់ប្រុសស្រីរាប់រយនាក់ រួមទាំងផ្តល់ប្រាក់រង្វាន់
លើកទឹកចិត្តដល់អ្នកផលិតកម្មវិធីប្រមាណ២ពាន់ដុល្លារអាមេរិកផងដែរ។

គួរបញ្ជាក់ដែរថាកន្លងមកមានផលិតករ និងសិល្បករជាច្រើនបានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងសកម្មភាពមិនគោរពពេលវេលារបស់សិល្បករដូចគ្នា មួយចំនួនព្រោះតែការយឺតយ៉ាវនោះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍និងការងាររបស់ផលិតករ និងសិល្បករដទៃ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print