នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀនទាំងតូចធំ៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ដឹកនាំដោយលោកអនុសេនីយ៍ទោ អ៊ំ រតនា នាយប៉ុស្ដិ៍ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានក្រាមសថ្លាជាថ្នាំញៀនទាំងតូចធំ៤កញ្ចប់ ក្រោយទទួលបញ្ជាដើម្បី យាមល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ។

ការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ខាងលើនេះ បានធ្វើឡើងនៅចំណុចក្បែរមុខផ្ទះលេខ១១ ផ្លូវ​លេខ២៧១ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាវេលា​ម៉ោង​១៧៖៣០នាទីល្ងាច។

លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមានឈ្មោះ អុី ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ក្នុងការយាមល្បាតពួនស្ទាក់រក្សាសន្តិសុខ ដើម្បីត្រួតពិនិត្យរាល់សកម្មភាពមិនប្រក្រតីទាំងឡាយក្នុងមូលដ្ឋាន ទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ និងរកឃើញដកហូតបានថ្នាំញៀន ចំនួន១កញ្ចប់ធំ និង៣កញ្ចប់ថង់តូច សរុប៤ កញ្ចប់ ហើយក៍ឃាត់ខ្លួនយកមកធ្វើការសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់តែម្ដង ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print