សម្តី«បាតដៃខ្នងដៃ» របស់លោកត្រាំ ធ្វើឲ្យ បែកបាក់ផ្ទៃក្នុងអ្នកនយោបាយសហរដ្ឋអាមេរិក

ចែករំលែក៖

នៅក្នុងជំនួបរវាងលោកត្រាំនឹងពូទីន នៅក្នុងប្រទេស ហ្វំាងឡង់កាលពីថ្ងៃទី១៦ខែកក្កដាកន្លងមក ត្រូវបានអ្នកនយោបាយ និងសង្គមអាមេរិក ចាត់ទុកថាជាការ បរាជ័យ របស់ មេដឹកនាំអាមេរិក ចំពោះ រុស្ស៊ី ។ លោកត្រាំ ដូចជាមានភាពទន់ ខ្សោយ ជាងមេដឹកនាំ ដែលមានចំណាស់ ខាងនយោបាយគឺ លោកពូទីន ដែលបាន កានតំណែងប្រធានាធិបតី រយៈពេល ៤អាណត្តិ នៅរុស្ស៊ី។

នៅក្នុងជំនួបនោះលោកត្រាំ មិនបានចោទប្រកាន់ទៅលើភាគីរុស្ស៊ីនោះឡើយ ពាក់ព័ន្ធនឹងការ ជ្រៀតជ្រែកកិច្ចការបោះ ឆ្នោត អាមេរិក កាលពីឆ្នាំ២០១៦ ។មិនតែប៉ុណ្ណោះលោកត្រាំបានបញ្ជាក់ថា រុស្ស៊ីមិនបានជ្រៀតជ្រែកកិច្ចការទាំងនោះឡើយ។ សង្គម អាមេរិក ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ធំៗ បានលើកឡើងថា នៅពេលជួបលោកពូទីនលោកត្រាំនិយាយផ្សេង តែពេលទៅ ដល់អាមេរិកវិញយាយផ្សឹង។

សារព័ត៌មានBBC នៅថ្ងៃទី១៨ ខែកក្កដា នេះបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកទទួលស្គាល់ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់អាមេរិកដែលរក ឃើញថា រុស្ស៊ីជាអ្នកលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាល ពីឆ្នាំ២០១៦។ ប៉ុន្តែការលើកឡើងនេះ គឺផ្ទុយទាំងស្រុងទៅនឹងអ្វីដែលលោកបានលើកឡើងកាលពីថ្ងៃម្សិលមិញ។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចេញមុខគាំទ្ររុស្ស៊ី ដោយលោក បញ្ជាក់ច្បាស់ៗថា «គ្មានហេតុផល ឬភស្ដុតាងណាមួយដែលចោទប្រកាន់លើទីក្រុងមូស្គូថា ជាអ្នកលូកលាន់ក្នុងកិច្ចការបោះឆ្នោតអាមេរិកឡើយ»។ ចំណែកឯលោក ពូទីន ក៏បានបដិសេធដែរថា រុស្ស៊ីមិនដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហ រដ្ឋអាមេរិកនោះទេ។

«ប្រធានាធិបតីរុស្ស៊ី ពូទីន និយាយ ថាមិនមែនរុស្ស៊ីនោះទេ ហើយខ្ញុំក៏មើលមិន ឃើញថា មានភស្ដុតាង ឬហេតុផលណា មួយថា រុស្ស៊ីជាអ្នកធ្វើវានោះដែរ»។ នេះគឺ ជាចម្លើយតបរបស់លោក ត្រាំ បន្ទាប់ពីជំនួបបិទទ្វារជាងពីរម៉ោងជាមួយលោក ពូទីន ក្នុង ទីក្រុងហែលស៊ិនគី ប្រទេសហ្វាំង ឡង់។
ប៉ុន្តែគ្រាន់តែធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោនវិញភ្លាម លោក ត្រាំ បានក្រឡាស់ សម្ដី ហើយថាលោកមានការភ័ន្តច្រឡំ ពោលគឺចង់មានន័យថា លោកមើលមិន ឃើញហេតុផល ថាតើហេតុអ្វីបានជារុស្ស៊ីមិនមែនជាអ្នកលូកដៃ ចូលកិច្ចការបោះ ឆ្នោតអាមេរិក? លោក ត្រាំ បញ្ជាក់យ៉ាង ខ្លីដូច្នេះថា «ខ្ញុំទទួលស្គាល់ការសន្និដ្ឋាន របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលថារុស្ស៊ីជា អ្នកលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារក្រុមសភាតំណាងរាស្ត្រអាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យ និងសាធារណរដ្ឋបានរិះ គន់ជំនួបរវាងលោក ត្រាំ នឹងលោក ពូទីន យ៉ាងខ្លាំង ខណៈសម្ពន្ធមិត្តអាមេរិកជំរុញឱ្យលោក ត្រាំ បង្ហាញគោលជំហរម៉ឺងម៉ាត់ និងច្បាស់លាស់ចំពោះរុស្ស៊ី។

សកម្មភាពរបស់លោកត្រាំបានធ្វើឲ្យ ក្រុមអ្នកប្រជាធិបតេយ្យ និង សាធារណរដ្ឋ អាមេរិក ខឹងលោកត្រាំយ៉ាងខ្លាំង ដែលជឿ លើសម្តីលោកពូទីន។ ប្រតិកម្មប្រឆាំងនឹង លោកដូណាល់ ត្រាំបានកើតមានយ៉ាង ផុសផុលពីក្រុមអ្នកប្រជាធិបតេយ្យក៏ដូចជាក្រុមអ្នកសាធារណរដ្ឋ។ ពួកគេបាន ប្រឆាំងនឹងលោកត្រាំដែលបានជឿស្លុងលើសមភាគីរុស្ស៊ីលោកពូទីនដែលថា រុស្ស៊ីមិនបានលូកដៃចូលក្នុងរឿងបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ទេ។ ការថ្លែងយ៉ាងដូចនេះរបស់លោកពូទីន បានធ្វើឡើងនាឱកាសជំនួបមួយទល់មួយជាមួយលោកត្រាំក្នុងទីក្រុងហែលស៊ិនគី ប្រទេសហ្វាំងឡង់នាថ្ងៃចន្ទ ទី១៦ កក្កដា។

អ្វីៗបានចាប់ផ្តើមពីសំណួររបស់អ្នក កាសែតម្នាក់ដែលបានសួរលោកត្រាំក្នុងពេលដែលលោកកំពុងធ្វើសន្និសីទកាសែតរួមគ្នាជាមួយសមភាគីរុស្ស៊ីលោកពូទីនក្នុងទីក្រុងហែលស៊ិនគី។ « ប្រធានាធិបតីរុស្ស៊ីបានបដិសេធពីការលូកដៃក្នុងរឿងបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ តែគ្រប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេ រិកទាំងអស់បានសន្និដ្ឋានផ្ទុយពីនេះ តើ លោកជឿខាងណា? »។ ចម្លើយរបស់ លោកត្រាំ « ប្រធានាធិបតីពូទីនទើបបានប្រាប់ខ្ញុំថា មិនមែនរុស្ស៊ីទេ។ ខ្ញុំមិនគិតថា ហេតុអ្វីបានជាត្រូវទម្លាក់កំហុសដាក់រុស្ស៊ី »។
ចម្លើយរបស់លោកត្រាំដូចនេះបានបង្កឲ្យមានប្រតិកម្មប្រឆាំងពីក្រុមអ្នកប្រជាធិបតេយ្យដែលជាពួកប្រឆាំង រួមទាំងពីក្រុមអ្នកសាធារណរដ្ឋរបស់លោកត្រាំខ្លួនឯងផង។ « សន្និសីទសារព័ត៌មាននៅហែលស៊ិនគីជាសន្និសីទសារព័ត៌មានមួយដ៏គួរឱ្យអាម៉ាស់បំផុតសម្រាប់ប្រធានាធិបតីអាមេរិកមួយរូប » នេះជាការវាយតម្លែរបស់សមាជិក ព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋលោក John McCain។ « គ្មានអ្វីគួរឲ្យមានមន្ទិលសង្ស័យទៀតឡើយដែលថា រុស្ស៊ីបានលូកដៃកកូរកកាយក្នុងការបោះឆ្នោតរបស់យើង » នេះជាការបញ្ជាក់របស់លោក Paul Ryan ប្រធានក្រុមសាធារណរដ្ឋនៅ ក្នុងសភា។

ពីក្រុមអ្នកប្រជាធិបតេយ្យដែលជាពួកប្រឆាំងវិញ អតីតរដ្ឋមន្រ្តីការបរទេសលោក John Kerry បានបរិហារលើឥរិយាបទថ ទន់ខ្សោយ និងមិនអាចការពារបានរបស់លោកត្រាំចំពោះលោកពូទីន។ « ខ្វះការ ពិចារណា គ្រោះថ្នាក់ និងទន់ជ្រាយ » នេះជាការវាយតម្លែរបស់លោក Chuck Schumer ប្រធានក្រុមអ្នកប្រជាធិបតេយ្យនៅព្រឹទ្ធសភា រួចបានចោទជាសំណួរថា តើមានអ្វីដែលបានជំរុញលោកត្រាំឲ្យដាក់ផលប្រយោជន៍រុស្ស៊ីលើផលប្រយោជន៍ អាមេរិក។

អ្វីដែលក្រុមអ្នកប្រជាធិបតេយ្យ និងក្រុមអ្នកសាធារណរដ្ឋកំពុងខឹងសម្បាខ្លាំងនឹងលោកត្រាំ ក៏ដោយសារតែលោកជឿលោកពូទីនជាជាងជឿលើការសន្និដ្ឋានរបស់ គ្រប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA និង FBI ដែលថា រុស្ស៊ីពិតជាបានលូកដៃនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦៕  ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print