ខេត្តពោធិ៍សាត់៖ សាកសពប្រជានេសាទម្នាក់ត្រូវបានក្រុមគ្រួសារអះអាងប្រាប់អាជ្ញាធរមានសមត្តកិច្ច បណ្ដាលមកពីលង់ទឹកបឹងទន្លេសាបបន្ទាប់ពីបានបាត់ខ្លួនអស់ជាច្រើនម៉ោង នៅគ្រាដែលជនរងគ្រោះទៅលើកល្បាំងលបត្រីទាំងស្រវឹងស្រាជាប្រចាំផងនោះ។
ហេតុការណ៍ប្រទះឃើញសាកសពអណ្ដែតទឹកខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចល្បាំងលបចាប់ត្រី(តាគី) ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជៀម ប៊ុនធឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ម៉ា សាវឿន អាយុ ៣៣ឆ្នាំ និងកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ។
ក្នុងរបាយការណ៍នោះបន្តថា យោងតាមការរាបរបពីក្រុមគ្រួសារសាច់ញាតិនៃសព (ជនរងគ្រោះ)បានចេញដំណើរពីផ្ទះក្នុងគោលបំណងទៅលើកល្បាំងលបត្រីនៅចំណុចខាងលើ តាំងពីរសៀលថ្ងៃទី១៧មុនប្រទះឃើញសាកសពមួយមកម្លេះ ប៉ុន្តែមិនបានរាយការណ៍ប្រាប់អាជ្ញាធរមានសមត្តកិច្ចនោះឡើយ លុះនៅវេលាម៉ោងខាងលើស្រាប់តែប្រទះឃើញសាកសពអណ្ដែតទឹកបែបនេះ ម្យ៉ាងទៀតជនរងគ្រោះធ្លាប់ផឹកស្រាស្រវឹងជោគជាំជាប្រចាំផងដែរ ដូច្នេះអាចស្លាប់បណ្ដាលមកពីលង់ទឹកខណៈគាត់ស្រវឹងស្រាខ្លាំង។
របាយការណ៍ដដែលបន្តទៀតថា ក្រោយសមត្តកិច្ចស្ថាប័នជំនាញសហការគ្នាចុះស្រាវជ្រាវ និងធ្វើការពិនិត្យមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ជាប់ពាក់ព័ន្ធក្នុងករណីអំពើរឃាតកម្មរួចមកនោះ ក៍បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រណីពៃ៕ ដោយ បឹុម ពិន