សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការជាមួយសាកលវិទ្យាល័យសិល្បៈ ខេត្តក្វាងស៊ី រៀបចំការប្រគំតន្រ្តី អបអរសាទរខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន

ចែករំលែក៖

ប្រទេសចិន ៖ ​នាថ្ងៃ​ទី​១៩ ខែ​កក្កដា​ ឆ្នាំ​២០១៨ ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ សហការជាមួយ សាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី (Guangxi Arts University) ​បាន​រៀបចំការប្រគំតន្រ្តី ដើម្បីអបអរសាទរខួប​៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងចិន ដោយមានការអញ្ជើញចូលរួមពីគណៈ​ប្រ​តិ​ភូ មក​ពី​សា​កល​វិ​ទ្យា​ល័យ សិល្បៈ ខេត្ត​ក្វាង​ស៊ី​ នៃ​សា​ធា​រណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ ដែលបាន​ដឹក​នាំ​និ​ស្សិត ៣៥រូប មក​ធ្វើ​ទស្សន​កិច្ច​សិក្សា​ និង​សម្តែងរបាំ​-​ចម្រៀង​ ជូន​ដល់​សិស្ស​-​និ​ស្សិត​​ប៊ែល​ធី ប្រមាណជាង ៨០០នាក់ ក្រោមអ​ធិប​តី​ភាព​​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង​វិចត្រសិល្បៈ  លោក បណិ្ឌត ​លី ​ឆេង អគ្គ​នា​យក​ ​ប៊ែល​ធី​ គ្រុប និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​​​​​​​​​​​​​​ និង​ លោក​ CHEN Wei អគ្គាធិការរងនៃមន្ទីរអប់រំ ខេត្តក្វាង​ស៊ី​​ នៃ​សា​ធា​រណរដ្ឋ​ប្រ​ជា​មា​និត​ចិន។

បន្ទាប់ពីលោក រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា និងស្រាវជ្រាវ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ធ្វើមតិស្វាគមន៍ និងរបាយការណ៍សង្ខេបស្ដីពី ការរីកចម្រើនរបស់ប៊ែលធី គ្រុបរួចមក លោក CHEN Wei ​អគ្គាធិការរង នៃមន្ទីរអប់រំ ខេត្តក្វាង​ស៊ី​​ បាន​បង្ហាញឱ្យដឹង​ថា​៖ ​លោក​មាន​សេចក្តី​សប្បាយ​រីក​រាយ​ណាស់​ ដែល​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​អនុ​ញ្ញាត​ឱ្យ​និ​ស្សិត​សា​កល​វិ​ទ្យា​ល័យ ​សិល្បៈ ខេត្តក្វាងស៊ី​ មាន​ឱ​កាស​បាន​មក​ធ្វើ​ទស្សន​កិច្ច​សិក្សា​ និង​សម្តែង​របាំ​-​ចម្រៀង ​ដែល​ជា​ប្រ​ពៃ​ណី ​វប្ប​ធម៌ ​របស់​ប្រ​ជា​ជន​ចិន​ ជូន​ដល់​សិស្ស​-​និ​ស្សិត​ប៊ែល​ធី​នា​ពេល​នេះ​ ក្នុងគោលបំណង រឹតចំណងមិត្តភាព កម្ពុជា-ចិន​ ក៏ដូចជា​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី ឱ្យកាន់តែល្អប្រសើរ។

ក្នុង​ឱ​កាស​នេះ​ដែរ លោក បណ្ឌិត លី​ ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី ​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​មាន​ប្រ​សាសន៍​ថា​៖ កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ កក្កដា ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី ១ រវាង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរម​រតន​កោដ្ឋ និង ឯកឧត្តម ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទ ទីក្រុងបានឌុង នៅខែមេសា ១៩៥៥ នៅប្រទេសឥណ្ឌូនេស៊ី និងការបំពេញ​ទស្សនកិច្ច​ទៅវិញទៅ​មក​រវាង​ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦​ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មកដល់ពេលបច្ចុប្បន្ន។ ដើម្បីចូលរួមអបអរសាទរខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ បានសហការជាមួយ សាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី រៀបចំការប្រគំតន្រ្តី សិល្បៈ​ វប្បធម៌ ​ ដែលមានការចូលរួមសម្តែងដោយនិស្សិតនៃសាកលវិទ្យាល័យទាំងពីរ ។

លោក បណ្ឌិត បានបន្ថែមទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្រ ឈ្នះ= ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ប្រកបដោយស្ថេរភាពនយោបាយ​ ​សេដ្ឋកិច្ចមានការរីកដុះដាល និងមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស គឺបន្តរក្សាចំណងមិត្តភាព កម្ពុជា-ចិន រវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក៏ដូចជា រវាងប្រជាជាតិ និងប្រជាជាតិ ឱ្យបានកាន់តែល្អប្រសើរ និងស្និតស្នាលបន្ថែមទៀត ៕ ស រស្មី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print