ខេត្តកំពង់ចាម ៖ កម្មការិនីប្រមាណជាង២៥២ នាក់ ក្នុង នោះមាន១១នាក់ជាស្ត្រីមានផ្ទៃពោះ នៃរោងចក្រកាលីតុន ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នុរដំបងឃុំខ្នុរដំបង ស្រុកជើងព្រៃ បានដួលសន្លប់ បន្ទាប់ពីមានករណីទូស្សេចរន្តអគ្គីសនី បង្កឲ្យកម្មការិនីមានភាពភ័យស្លុត នាំគ្នាសម្រុករត់ចេញក្រៅ ខណៈកម្លាំងកំពុងហេវហត់ ។
តំណាងក្រុមហ៊ុនរោងចក្រកាលីតុនបានអោយ នគរដ្រេហ្គនដឹងនៅល្ងាចថ្ងៃសុក្រកក្កដានេះថា នៅមុនពេលកើតហេតុ ក្រុមកម្មករ-កម្មការិនីប្រមាណជាង២០០ នាក់បានចូលបម្រើការងារដូចធម្មតា ។ លុះដល់វេលាម៉ោង១២នឹង៥០ នាទីថ្ងៃខែដដែល មានសំឡេងផ្ទុះស្សេ ចរន្តអគ្គិសនីចេញពីបន្ទប់អគារអេ បង្កឲ្យកម្មការិនីដែលកំពុងធ្វើការនៅក្បែរមានអារម្មណ៍ភ័យតក់ស្លុត នាំគ្នារត់ ចេញហើយដួលសន្លប់តៗគ្នាតែម្ដង។
លោកថាភ្លាមៗនោះរូបលោក និងបុគ្គលិករដ្ឋបាលរោងចក្របានទូរស័ព្ទស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនគរបាលជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីសង្គ្រោះព្យាបាល។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានមានចំណាត់ការលើអាការ:ជនរងគ្រោះ ដោយបានចាត់ចែងអោយក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជួយសង្គ្រោះឲ្យ បានម៉ត់ចត់បំផុត នៅតាមមន្ទីរពេទ្យបង្អែក។ ក្នុងនោះមានមន្ទីរបង្អែកស្រុកបាធាយ មានជនរងគ្រោះសម្រាកព្យាបាលចំនួន១៣៩នាក់ និងបានចុះទៅពិនិត្យនៅមន្ទីរបង្អែកស្រុកជើងព្រៃ មានជនរងគ្រោះកម្មការិនីសម្រាកព្យាបាល១១៣នាក់ ។
លោកបញ្ជាក់ថា កម្មការិនីដែលបម្រើការងារក្នុងរោង ចក្រកាលីតុន ស្រុកជើងព្រៃដែលដួល សន្លប់សរុប ២៥២នាក់ ។ ក្នុងចំណោមអ្នកទាំងនោះស្ត្រីមានផ្ទៃពោះ១១នាក់ ហើយដល់ពេលនេះមានអាការក៏បានធូរ ស្បើយខ្លះៗហើយដែរ ៕ វណ្ណៈ