លោក អូស្មាន ហាស្សាន់៖ សង្ឃឹមថា នៅអាណត្តិទី៦នេះ រោងចក្រមួយចំនួននៅស្រុកកំពង់ត្រឡាច នឹងដោះស្រាយទីអទិដ្ឋាន ជូនកម្មករកម្មការនី ខ្មែរឥស្លាម

ចែករំលែក៖

កំពង់ឆ្នាំង៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈ កម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវរោងចក្រសហគ្រាសទាំងអស់ ដែលមានកម្លាំងពលកម្ម កម្មករ កម្មការនី ខ្មែរឥស្លាម កំពុងបម្រើការងារថា សម្រាប់អាណត្តិទី៦ នេះតទៅ សង្ឃឹមថា ម្ចាស់រោងចក្រសហគ្រាសទាំងអស់ នឹងអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលថ្មីៗនេះបានអំពាវនាវអោយមានការដោះស្រាយជាបន្ទាន់នូវទីតាំងសម្រាប់ថ្វាយបង្គុំរបស់បងប្អូន កម្មករ កម្មការនីខ្មែរឥស្លាម ពីព្រោះកំឡុងពេលបំពេញការងារ ពួកគាត់ត្រូវថ្វាយបង្គុំ អទិដ្ឋានតាមក្រិតក្រមសាសនាឥស្លាម យ៉ាងហោចចំនួន២ដង គឺថ្ងៃត្រង់ និង ពេលរសៀល។

មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកប្រធានគណៈចលនាសាសនិកឥស្លាម បានអញ្ជើញជួបសំណេះ សំណាល និង ឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជា ជនកម្ពុជា ជាមួយ កម្មករ កម្មការនី នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៨ នៅចំណុចភូមិ ត្រពាំងខ្ទំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលភាគច្រើន ជាកម្មការនីខ្មែរឥស្លាម អញ្ជើញពីបណ្តាភូមិនានា ក្នុងឃុំឈូកស ក៏ដូចជាក្នុងតំបន់ជុំវិញស្រុកកំពង់ត្រឡាច ។

ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លោក អូស្មាន ហាស្សាន់ បានប្រកាសអំពាវនាវ ដល់បណ្តាម្ចាស់រោងចក្រសហគ្រាស មួយចំនួន ក្នុងស្រុកកំពង់ត្រឡាច និងតំបន់ជុំវិញ ដែលខ្លះមិនទាន់បានដោះស្រាយទីតាំងសម្រាប់ការអនុវត្តថ្វាយបង្គុំអទិដ្ឋានជូនកម្មករ កម្មការនីខ្មែរឥស្លាម ខណៈរោងចក្រសហគ្រាសរោងចក្រភាគច្រើន គឺមានកម្មករ កម្មការនី ជាខ្មែរឥស្លាម ធ្វើការច្រើនកុះករ ហើយបានកំពុងតែមានភាពកង្វល់ ដល់ពួកគាត់ ដោយសារតែរោងចក្រមួយចំនួននោះ នៅពុំទាន់ដោះស្រាយ តាមការស្នើសុំរបស់ពួកគាត់ ជាពិសេសការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំ សកម្មជនគណបក្ស ប្រជាជនកម្ពុជា កម្មករ កម្មការនី ទាំងអស់បានសម្តែងការកោតសរសើរ និងពេញចិត្តចំពោះគោលនយោបាយល្អៗជាច្រើន ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញហើយអនុវត្តកន្លងមកដែលបានដោះស្រាយនិងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់ជាកម្មករ កម្មការនី តាំងពីការរកវិធីសាស្រ្តដោះស្រាយកន្លែងអទិដ្ឋាន ការតំឡើងប្រាក់ខែគោលដល់ ១៧០ ដុល្លា បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗជាច្រើនថែមទៀត ការអនុគ្រោះអោយកម្មការនីដែលមានផ្ទៃពោះឈប់សម្រាកប៣ខែមុនសម្រាលដោយទទួលប្រាក់ខែ ១២០ភាគរយ និងការទទួលបានរបបថែទាំសុខភាព និង ព្យាបាលពីមន្ទីរពេទ្យរដ្ឋដោយមិនបាច់បង់ថ្លៃ និងអត្ថប្រយោជន៍នានាជាច្រើនដែលពួកគាត់បានទទួល។

ដោយឡែក សម្រាប់គោលគោលនយោបាយទាំង ១១ ខ របស់គណបក្សប្រជាជនកម្ពុជា ជាបន្តសម្រាប់អាណត្តិទី៦ ដែលបន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗ ដែលពួកគាត់បានទទួលកន្លងមក តបតាមអ្វីដែល លោកប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានបកស្រាយជូន គឺកាន់តែធ្វើអោយពួកគាត់ជាកម្មករ កម្មការនី មានក្តីរំភើបរីករាយ ត្រៀមខ្លួននឹងទទួលបានអត្ថប្រយោជន៍ល្អៗជាច្រើនតទៅមុខ ជាពិសេស ដើម្បីអោយរក្សាបានសុខសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចគ្រួសារនិងជីវភាពរបស់ពួកគាត់ អោយកាន់តែរីកចំរើន គឺពួកគាត់ប្តេជ្ញាត្រៀមខ្លួនសម្រាប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ គឺជាថ្ងៃសំខាន់សម្រាប់ជោគវាសនា និងអនាគតល្អរបស់ពួកគាត់តទៅមុខ ដែលត្រូវផ្តល់ទំនុកចិត្ត និងបន្តផ្ញើខ្លួនក្រោមម្លប់សន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា ដោយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print