ស្លាប់និងរបួសរាប់សិបនាក់ដោយសារតែភ្លើងឆេះព្រៃនៅប្រទេសក្រិក

ចែករំលែក៖

សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែ កក្កដា បានផ្សាយថា មានភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំនៅក្នុងប្រទេស ក្រិក លើសពីសមត្ថភាពគ្រប់គ្រងបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់។ មន្ត្រីគ្រប់គ្រោងគ្រោះមហន្តរាយ ក្រិកបានឲ្យដឹងនៅថ្ងៃទី២៤ខែកក្កដានេះថា ភ្លើងឆេះព្រៃដែលកំពុងវាយលុកស្ទើរទូទាំងប្រទេស បានសម្លាប់មនុស្សយ៉ាងហោច ណាស់ ២០នាក់ និងរាប់រយនាក់ផ្សេង ទៀតរងរបួស។

រដ្ឋាភិបាលក្រិកបានបញ្ជូនក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់ ទៅកាន់តំបន់រងគ្រោះ ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ និងជួយ ជម្លៀស ប្រជាជននៅក្បែរទីក្រុងអាតែន ទៅកាន់ទីទួលមានសុវត្ថិភាព។ ដោយ ឡែក ប្រតិបត្តិការជួយសង្រ្គោះភ្ញៀវទេសចរ ១០នាក់ ក៏កំពុងធ្វើឡើងផងដែរ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ថា កើនឡើងដល់ ២០នាក់ និងច្រើនជាង ១០៤នាក់រងរបួស ហើយក្នុងនោះមាន ១១នាក់របួសធ្ងន់ ព្រមទាំង ១៦នាក់ជា កុមារផងដែរ។

ដោយសារតែភ្លើងឆេះព្រៃនេះនាយក រដ្ឋមន្ត្រីក្រិក លោក អាឡិចស៊ីស តាស៊ី ប្រាស់ (Alexis Tsipras) បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសបូស្នី ដើម្បីជួយសម្របសម្រួលប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកជំនួយពីអន្តរជាតិ។
ប៉ុន្មានថ្ងៃចុងក្រោយនេះរលកកម្តៅ បានគ្របដណ្តប់ទៅលើប្រទេសជាច្រើន នៅទូទាំងពិភពលោក បង្កឲ្យមានគ្រោះ ថ្នាក់ផ្សេងៗជាច្រើន ក្នុងនោះមាន គ្រោះ អគ្គិភ័យជាដើម ។ កន្លងមកថ្មីៗរលកកម្តៅ បានគ្របដណ្តប់ទៅលើប្រទេសជប៉ុន បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ ។

សីតុណ្ហភាពនៅ គូម៉ាហ្គាយ៉ា (Kumagaya) ជាទីក្រុងមួយស្ថិតនៅខេត្ត សៃ តាម៉ា (Saitama) ក្បែរទីក្រុងតូក្យូ បាន កើនឡើងដល់ជាប់កំណត់ត្រាដ៏ខ្ពស់ នោះ គឺ ៤១.១អង្សាសេ នារសៀលថ្ងៃចន្ទសប្តាហ៍ នេះ។
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA សីតុណ្ហភាពខាងលើក៏ជាអត្រាខ្ពស់បំផុត នៅទូទាំងប្រទេសអាស៊ីខាងកើតនេះផងដែរ និងបានទទូចឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការឈឺថ្កាត់ផ្សេងៗ ដែល អាចបង្កឡើងដោយរលកកម្តៅនេះ ដូចជាការឡើងកម្តៅខ្លាំងក្នុងរាងកាយ និងខ្សោះ ជាតិទឹកជាដើម។
រលកកម្ដៅនៅក្នុងប្រទេសជប៉ុន បានផ្ដាច់យកអាយុជីវិតមនុស្សកើនដល់ ៧៧ នាក់ហើយ ខណៈមនុស្សរាប់ពាន់នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែល នេះជាគ្រោះមហន្តរាយដាច់ដោយឡែក ពីគ្រោះទឹកជំនន់កាលពីពេលថ្មីៗនេះ នៅបណ្តាខេត្តភាគខាងលិចជប៉ុន ដែល បានសម្លាប់មនុស្សជាង ២០០នាក់។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ (Kyodo) នៅ រសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ ២០១៨។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន សីតុណ្ហភាពនៅគូម៉ាហ្គាយ៉ា (Kumagaya) ជាទីក្រុងមួយស្ថិតនៅខេត្ត សៃ តាម៉ា (Saitama) ក្បែរទីក្រុងតូក្យូ បាន កើនឡើងដល់ជាប់កំណត់ត្រាដ៏ខ្ពស់នោះគឺ ៤១.១អង្សាសេ កាលពីរសៀលថ្ងៃចន្ទ សប្តាហ៍នេះ ហើយគិត ត្រឹមព្រឹកម៉ោង៩ព្រឹកថ្ងៃអង្គារនេះ សីតុណ្ហភាពនៅតែមានកម្រិតខ្ពស់ដដែល គឺ ៣៤.៨ អង្សាសេ នៅទីក្រុងគូវ៉ាណា (Kuwana) ខេត្តមីអិ (Mie) និង ៣៨ អង្សាសេនៅទីក្រុងណា ហ្គោយ៉ា (Nagoya) និងទីក្រុងក្យូតូ (Kyo to)។

ទីភ្នាក់ងារសារព័ត៌មាន Kyodo ផ្អែកលើរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រង មហន្តរាយ និងអគី្ិភ័យក៏បានឱ្យដឹងដែរថា រលកកម្ដៅក៏បានធ្វើឲ្យមនុស្ស ៣០.០០០ នាក់ ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅទូទាំងប្រទេសគិតចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី២៤ ខែកក្កដានេះ។
គួរបញ្ជាក់ថា ក្រុមអាជ្ញាធរជប៉ុនបាន ទទូចឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការឈឺថ្កាត់ផ្សេងៗ ដែល អាចបង្ក ឡើងដោយសាររលកកម្តៅនេះ ដូចជាការឡើងកម្តៅខ្លាំងក្នុងរាងកាយ និងខ្សោះជាតិទឹកជាដើម៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print