ខេត្តកំពង់ចាម ៖ រថយន្តហ្វតមួយគ្រឿង ខណៈអ្នកបើកកំពុងបើកបរបានឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យផ្ទុះឆេះនៅសល់តែគ្រោងឆ្អឹង ក្រោយការជួយសង្គ្រោះពីសមត្ថកិច្ច តែសំណាង ល្អមិនមានអ្នករងគ្រោះថ្នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទី ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះនៅចំណុចវាលវង់យន្តហោះ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលរងការឆេះនោះម៉ាក Ford Express ស្លាកលេខភ្នំពេញ ២Q-៣០៧៧ ជាកម្មសិទ្ធិរបស់ឈ្មោះ សួរ ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ អំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបន្តថា ក្នុងការអន្តរាគមន៍បាញ់ទឹកពន្លត់កម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន២គ្រឿង ទើបរលត់ជាស្ថាពរ ។ ករណីឆេះនេះមិនបង្កឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ ។
តាមការបញ្ជាក់ពីអ្នកបើករថយន្តគ្រោះថ្នាក់នេះបានឲ្យដឹថា នៅពេលកំពុងបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងចរន្តអគ្គិសនីក្នុងកាប៊ីនបណ្តាលឲ្យឆេះរាលដាល ធ្វើឲ្យ លោករត់ចេញពីរថយន្តទាំងភិតភ័យ ៕ វណ្ណៈ