ខេត្តបន្ទាយមានជ័យ៖អាជ្ញាធរខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៨ បាននិងកំពុងចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យគ្រាដែលទឹកជំនន់ទឹកភ្លៀងបានជន់លិចនិងបង្កផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករជាង២ពាន់ហិកតានោះហើយក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនោះ។
អភិបាលរងខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ប្រាប់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយខេត្តបន្ទាយមានជ័យមានភ្លៀងធ្លាក់ជាប់គ្នានិងទឹកហូរបុកពីផ្នែកខាងលើអាងកំពីងពួយ ស្រុកបាណន់ខេត្តបាត់ដំបង បណ្តាលឱ្យមានទឹកជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ស្រូវប្រជាពលរដ្ឋនៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ប្រមាណ២ពាន់ហិកតា។
លោកប្រាប់ឱ្យដឹងទៀតថា ការដោះស្រាយបញ្ហាទឹកជំនន់ ឥឡូវអាជ្ញាធរខេត្តរួមនិងមន្ទីរធនធានទឹកខេត្តបានយកម៉ាស៊ីនបូមទឹកធុនធំ២គ្រឿងបូមទឹកពីប្រឡាយឯកភាពធ្លាក់ចូលស្ទឹងមង្គលបូរី និងបានកាយប្រឡាយទំនប់នៅចំណុចស្ពានក្រឡ ដើម្បីរំទឹកផ្នែកខាងលើធ្លាក់ចុះទៅផ្នែកខាងក្រោមឱ្យបានឆាប់រហ័ស។
ជុំវិញបញ្ហានេះ ប្រជាកសិករប្រាប់ឱ្យដឹងថា ទឹកជំនន់ទឹកភ្លៀង នៅក្នុងឃុំរហាត់ទឹក មានស្ថានភាពបុកមកលឿនរហ័សត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ពួកគាត់មិនអាចប្រមូលផលទាន់ពេលវេលា រងការជន់លិចដំណាំស្រូវនិងអាចបង្កឱ្យការខូចខាតបាត់បង់ទាំងស្រុង។
ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យជ័យ លោក ប៉ាង វណ្ណាសេដ្ឋ ប្រាប់ឱ្យដឹងថា តាមការត្រួតពិនិត្យជាក់ស្តែងគឺការលិចស្រូវរបស់ប្រជាកសិករ នៅក្នុងឃុំរហាត់ទឹកប្រហែល១៥០០ហិកតា គឺរងផលប៉ះពាល់នៅឡើយនោះទេ។ប៉ុន្តែបើសិនជាស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេល៣ទៅ៤ថ្ងៃថែមទៀតស្រូវដែលរងផលប៉ះពាល់ អាចនិងរងការខូចខាតតែម្តង។
លោកក៏បានជម្រុញឱ្យប្រជាកសិករ ដែលមិនទាន់រងផលប៉ះពាល់ដំណាំស្រូវប្រញ៉ាប់ប្រមូលផលឱ្យទាន់ពេលវេលាដើម្បីបញ្ចៀសបញ្ហារងការខូចខាត។
សូមបញ្ជាក់ថា បញ្ហាទឹកជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យង្ករងផលប៉ះពាល់ដំណាំស្រូវប្រជាពលរដ្ឋខាងលើ គឺទឹកចាប់ផ្តើមហូរជន់លិចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ គឺជន់លិចមានរយៈ៣ទៅ៤ថ្ងៃចុងក្រោយនេះ។ទឹកជំនន់គឺបង្កឱ្យទឹកភ្លៀងនៅក្នុងខេត្ត និងទឹកហូរបុកពីផ្នែកខាងលើនៃខេត្តបាត់ដំបង៕សំ វិច្ឆិកា
...