ភ្នំពេញ៖ យ៉ាងតិចមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះចំនួន៦៦បានស្ម័គ្រចិត្តចូលរួមច្រៀងដោយមិនគិតកម្រៃដើម្បីស្វែងរកថវិកាជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរងគ្រោះដោយទឹកជំនន់។ ការប្រគំតន្ត្រីលក់សំបុត្រក្នុងតម្លៃត្រឹម១ម៉ឺនរៀលនេះនឹងធ្វើឡើងនៅថ្ងៃទី១១ខែសីហានេះនៅភោជននីយដ្ឋានសេវេនប្រាយជិតផ្សារមាន់អាំង។
អាចចាត់ទុកថាជាព្រឹត្តិការណ៍ច្រៀងរាំទ្រង់ទ្រាយធំមួយដែលប្រមូលផ្តុំទៅដោយសិល្បករប្រុសស្រីល្បីឈ្មោះមកពីគ្រប់ផលិតកម្ម ក្នុងព្រឹត្តិការប្រគំតន្ត្រីមួយមានឈ្មោះថា”ការប្រគំតន្ត្រីចែករំលែកក្តីសង្ឃឹម”។ លោក ឈួន សុខលីម អ្នកសម្របសម្រួលកម្មវិធីប្រគំតន្ត្រីខាងលើនេះបានបញ្ជាក់ថា ដោយសារតែសិល្បករជាច្រើនបានបង្ហាញក្តីអាណិត ចង់ចូលរួមរំលែកទុក្ខលើកទឹកចិត្តដល់ប្រជាជនខ្មែរដែលរងគ្រោះដោយទឹកជំនន់ទើបលោក និងពួកគាត់សម្រេចចិត្តរៀបចំព្រឹត្តិការណ៍មួយនេះឡើង។ លោកនៅចងចាំសម្តីតារាចម្រៀងខាត់ សុឃីមនិយាយថា”មិនចង់ឲ្យមហាជនយល់ថាអ្នកសិល្បៈស្រែករកតែជំនួយ ស្រែករកតែលុយពេលធ្លាក់ខ្លួន ប៉ុន្តែពេលនេះសិល្បករចង់ស្រែករកជំនួយដែរប៉ុន្តែមិនមែនសម្រាប់ខ្លួនគាត់ទេគឺចង់បានការជួយដល់សង្គមពិសេសពលរដ្ឋដែលកំពុងជួបការលំបាក”។ លោកថាសិល្បករទាំង៦៦នាក់មិនត្រឹមតែចូលរួមច្រៀងដោយមិនគិតប្រាក់ទេគឺថែមទាំងមានទឹកប្រាក់ផ្ទាល់ខ្លួនដើម្បីបរិច្ចាកផងដែរ ហើយពួកគាត់និងជួយធ្វើការផ្សាយផ្ទាល់(Live)តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីស្វែងរកជំនួយ និងការលក់សំបុត្រ ដែលជំនួយមិនត្រឹមតែថវិកាទេគឺសូម្បីតែទឹកត្រីមួយដបក៏ពួកគាត់ប្តេជ្ញាថានឹងទៅយកដើម្បីជួយដល់ពលរដ្ឋខ្វះខាតដែរ។ លោកថាសំបុត្រនឹងត្រូវប្រកាសលក់ក្នុងតម្លៃមួយម៉ឺនរៀលតាមរយៈសិល្បករ និងទីតាំងហាងមួយចំនួននៅភ្នំពេញ។
លោកបញ្ជាក់ដែរថាកម្មវិធីប្រគំតន្ត្រីនេះនឹងចែកចេញជា៣វគ្គដែលមួយវគ្គៗប្រមូលផ្តុំដោយសិល្បករផ្សេងៗពីគ្នា។ លោករំពឹងដែរថាកម្មវិធីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនពិសេសអ្នកគាំទ្រតារាចម្រៀងខ្មែរដែលពួកគេមិនត្រឹមតែបានជួបតារាក្នុងដួងចិត្តពួកគេដោយផ្ទាល់ទេក៏នឹងអាចចូលរួមចំណែកជួយដល់ប្រជាជនដែលកំពុងតែប្រឈមនឹងបញ្ហាជីវភាពព្រោះទឹកជំនន់។ លោកបន្តថាក្រុមការងារគ្រោងនឹងប្រមូលថវិកាដែលទទួលបានទិញជាសម្ភារៈអាហារពិសេសអង្ករ និងមីដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងពិសេសនៅខេត្តស្ទឹងត្រែងជាដើម៕ ដោយ វឌ្ឍនា