ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ១៥៤៨ គ្រួសារ រស់នៅភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ដែលរងគ្រោះដោយទឹកជំនន់ ។ ពិធីនេះធ្វើឡើងនៅវត្ដឥន្ទកោសី ហៅវត្ដចុងកោះជ្រូក ស្ថិតក្នុងភូមិ៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។
នៅក្នុងឱកាសសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការនឹករលឹក អាណិតស្រឡាញ់ ដោយបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងអស់ និងបាននាំមកនូវអំណោយមនុស្ស ធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ។
សម្តេច សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព រស់នៅមានអនាម័យ ដោយប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ ហើយឆាប់ប្រកបមុខរបរបង្កបង្កើនផលដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញនៅក្រោយពេលទឹកស្រក៕ វណ្ណៈ