ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅគ្រាគេបញ្ជូនទៅសង្រ្គោះ និងចំនួន ៤នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពីផ្សេងគ្នា នៅស្រុកបាកាន ខេត្តពោធិ៍សាត់។
នគរបាលប៉ុស្តិ៍រដ្ឋបាលតាលោបានឲ្យដឹងថា កាលពីវេលាម៉ោង២ និង០៤នាទី រសៀលថ្ងៃព្រហស្បតិ៍្ត ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចខាងត្បូងស្ពានគោករំលចម្ងាយប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងភូមិទួលទទឹង ឃុំតាលោ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ឈ្មោះ មុំ ហៃ អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកោះក្របី ឃុំបឹងខ្នារ ស្រុកបាកាន ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 3099 ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅប៉ះកញ្ចក់រថយន្ត ១គ្រឿងម៉ាក អុីហ្សុយហ្សុយ ពណ៏ឈាមជ្រូក ពាក់ស្លាកលេខ បាត់ដំបង 2A 2672 ដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា បណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់របួសធ្ងន់ ហើយបានស្លាប់នៅគ្រាដែលបញ្ជូនទៅសង្គោះ។
ដោយឡែក៖ ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយដូនកែវឯនេះវិញបានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៣៥នាទី ល្ងាចថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៩-២២០ ស្ថិតក្នុងភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកាន ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយអ្នកជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៏ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាក ស្កុពី ពណ៏សលាយក្រហម ពាក់ស្លាកលេខ ពោធិសាត់ 1F 8328 ដែលកំពុងបើកឆ្លងថ្នល់ពីត្បូងទៅទិសខាងជើងពេញទំហឹង បណ្ដាលឲ្យរងរបួសទាំងសង់ខាងចំនួន ៤នាក់។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលខាងលើបន្តទៀតថា ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ ជនរងគ្រោះស្លាប់បានធ្វើកំណត់ហេតុត្រឹមត្រូវ ចំណែកជនរងរបួសបានគេបញ្ជូនទៅសង្រ្គោះ ដោយឡែក៖ វត្ថុតាងម៉ូតូ និងរថយន្តសមត្តកិច្ចនគរបាល យកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ បឹុម ពិន