នៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការ បរទេសនិងរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី -ជប៉ុន បានរៀបចំឡើងនៅទីក្រុងមូស្គូ ដោយរដ្ឋមន្ត្រីទាំង៤រូប នៃប្រទេសទាំងពីរ បានព្រមព្រៀង គ្នា បង្កើតកិច្ចសហប្រតិ បត្តិការ សន្តិសុខ សេដ្ឋកិច្ច និងទំនាក់ ទំនងផ្សេងៗជាច្រើនទៀតដែរ នៅក្នុងនោះ មានទាំងវិវាទប្រជុំកោះគូរីលផងដែរ។
រដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក អ៊ិតស៊ូណូរិ អូណូដឺរ៉ា បាននិយាយនាពេល ថ្មីៗ នេះថា ប្រទេសជប៉ុន ទើបបានស្នើរុស្ស៊ីឲ្យកាត់បន្ថយសកម្មភាពយោធានៅលើ ក្រុមកោះប៉ាស៊ីហ្វិក Kuril ដែលមាន ជម្លោះ។
ក្រោយជួបជាមួយសមភាគីរុស្ស៊ីរបស់លោក នៅក្នុងទីក្រុងមូស្គូ លោក អូណូដឺរ៉ា បានមាន ប្រសាសន៍យ៉ាងដូច្នេះថា “យើង បានស្នើសុំភាគីរុស្ស៊ី ឲ្យចាត់វិធានការ ជាក់លាក់ ព្រោះរុស្ស៊ី កំពុងតែកសាងបង្កើនសក្ដានុពលយោធារបស់ខ្លួននៅលើកោះភាគខាងជើងចំនួន៤”។
យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រថា ប្រទេសរុស្ស៊ី បានដណ្ដើមយក ក្រុមកោះ Kuril ពីប្រទេសជប៉ុន នៅពេល ចប់សង្គ្រាមលោកលើកទី២។
លោក អូណូដឺរ៉ា ក៏បានមានប្រសាសន៍ ផងដែរថា ស្ថានីយការពារមីស៊ីលផ្លោង Aegis ដែលមានមូលដ្ឋានលើគោក គឺមាន ន័យការពារប្រទេសជប៉ុន និងមិនបង្កការ គំរាមកំហែង ដល់ប្រទេសរុស្ស៊ីនោះទេ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៨ បានឲ្យ ដឹងថា រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បាននិយាយថា “ភាគីទាំងពីរបានសម្តែងការត្រៀមខ្លួន ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការ ជាក់ ស្តែងក្នុង វិស័យសន្តិសុខ។ យើងមានការ រួបរួមគ្នានៅក្នុងការណ៍ពិតដែលថា ស្ថានភាពនៅតំបន់ អាស៊ីប៉ាស៊ីហ្វិកមាន ភាពលំបាកខ្លាំង ដូចជានៅលើឆាក ទាំង មូលក្នុងពិភពលោក” ។
លោក Sergei Lavrov បាននិយាយថា ជាពិសេសរដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ ពី ការយកចិត្តទុក ដាក់លើកិច្ចសហប្រតិ បត្តិការក្នុង វិស័យប្រយុទ្ធប្រឆាំងភេរវកម្ម ការធានានូវសន្តិសុខ ព័ត៌មានអន្តរជាតិ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ រុស្ស៊ី និងជប៉ុន ក៏បានស្វាគមន៍ចំពោះការវិវឌ្ឍវិជ្ជមាននៅលើឧបទ្វីបកូរ៉េ និង បានអំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីរក្សាដំណើរការសន្តិភាព ដែលមានភាពផុយស្រួយជាមួយ នឹងការ អត់ធ្មត់និងភាពបត់បែន ៕ ម៉ែវ សាធី