សម្តេចតេជោ ហ៊ុន សែនថា សម រង្ស៊ី មិនហ៊ានស្បថខ្លាចងាប់ដូចខ្មោចឪពុក

ចែករំលែក៖

ភ្នំពេញ ៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលប្រទេសព្រោះតែខ្លាចគុកបានបន្ដភាពកំសាករបស់ខ្លួនដោយមិនហ៊ានស្បថឲ្យស្លាប់តៃហោងតាមការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការ ចោទប្រកាន់ថា មានការបំប៉ោងទិន្នន័យអ្នក ទៅចូលរួមបោះឆ្នោតនោះឡើយ។ ការមិន ហ៊ានស្បថរបស់លោក សម រង្ស៊ី គឺជាភាពកំសាកមួយទៀតរបស់អ្នកនយោបាយរូប នេះ ព្រោះខា្លចចាញ់សម្បថដែលនឹងគ្រោះថ្នាក់ដល់ជីវិត ដ្បិតធ្លាប់ចាញ់សម្បថនៅ មុខប្រាសាទអង្គរកាលពីឆ្នាំ២០១៣នាំឲ្យ រលាយបក្សរួចម្ដងមកហើយ ។

ឆ្លើយតបការមិនហ៊ានស្បថ ហើយទាមទារឲ្យមានការរាប់សន្លឹកឆ្នោតតាមបែប វិទ្យាសាស្រ្តរបស់ទណ្ឌិត សម រង្ស៊ី នៅលើ ហ្វេសប៊ុករបស់ខ្លួនកាលពីល្ងាចថ្ងៃទី៦ ខែ សីហា ឆ្នាំ២០១៨នោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបខ្លាំងៗវិញថា មិនចាំ បាច់លើកយកហេតុផលស្រាវជ្រាវបែប វិទ្យាសាស្រ្តអ្វីនោះទេ ប៉ុន្តែលោក សម រង្ស៊ី ហ៊ានស្បថឲ្យស្លាប់តៃហោងទាំងពូជនិង មនុស្សជំនិតយ៉ាងតិច១០០នាក់ដែរឬទេ? ដ្បិតសម្តេចតេជោនិងទណ្ឌិត សម រង្ស៊ី ធ្លាប់បានលេងបែបវិទ្យាសាស្រ្តនេះអស់ រយៈពេលជាង២០ឆ្នាំមកហើយឥឡូវងាកមកលេងផ្លូវងងឹតបែបអបិយជំនឿវិញម្តង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ធ្ងន់ៗថា «មិនបាច់លើកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្រ្តអ្វីនោះទេ។ លោក ឯង (ទណ្ឌិត សម រង្ស៊ី) ឆ្លើយមកតើលោក ឯងហ៊ានស្បថឲ្យងាប់តែហោងទាំងប្រពន្ធ ទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុស្សជិតសិ្នទ្ធយ៉ាងតិច១០០នាក់ដែរឬទេ? ព្រោះយើងទាំង២នាក់បានធ្លាប់លេងបែប វិទ្យាសាស្រ្តនេះជាមួយគ្នាអស់ជាង២០ឆ្នាំមកហើយ។ ឥឡូវយើងងាកមកលេងបែបផ្លូវងងឹតវិញម្តង។ បើទោះបីអ្នកឯងមិន ហ៊ានស្បថក៏សម្បថនេះធ្លាក់ទៅលើអ្នក ឯងដែរ ព្រោះខ្ញុំបានស្បថរួចហើយៗសូម វត្ថុស័ក្តិសិទ្ធលើលោកជួយនាំពាក្យសម្បថរបស់ខ្ញុំទៅកាន់អ្នកឯងផង» ។

សម្តេចតេជោបានបន្តថា «ខ្ញុំសូមឲ្យ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជួយធ្វើសាក្សី និងរង់ចាំមើល តើសម រង្ស៊ី ក្លាហាន ហ៊ានស្បថជាមួយខ្ញុំដែរឬទេ? បើមិនហ៊ាន ស្បថទេនោះអ្នកឯងជាជនកំសាកក្បត់ជាតិ ខ្លាចងាប់ដូចខ្មោចឪពុកចោលឆ្អឹងនៅក្រៅប្រទេស និងទង្វើដែលអ្នកឯងបានធ្វើពិតជាបោកប្រាស់យ៉ាងពិតប្រាកដ» ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិ យាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ក្នុង ជំនួបផ្ដល់ដំបូន្មានដល់អត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វឹក រួមទាំងប្រតិភូកីឡា សរុបជាង៧០នាក់នៅវិមានសន្តិភាពមុន នឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ីបាន បបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់តៃហោងគ្រប់រូបភាពទាំងអស់ សូម្បីតែដេកធ្លាក់ពីលើខ្នើយក៏ឲ្យស្លាប់ដែរ ។

គេនៅចាំបានថា កាលពីឆ្នាំ២០១៣ កន្លងទៅក្រុមអ្នកប្រឆាំងទាំងអស់នេះធ្លាប់បានបដិសេធនូវលទ្ធផលនៃការបោះឆ្នោត ហើយនាំគ្នាទៅស្បថចំពោះវត្ថុស័ក្ដិសិទ្ធិ នៅអតីតរាជធានីអង្គរផងដែរ តែមិនបាន ប៉ុន្មានខែផងនោះពួកគេក៏បានស្រុះស្រួលគ្នាដើរចូលវិមានរដ្ឋសភាទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយមិនបានទៅលា បំណន់ ចំពោះវត្ថុស័ក្ដិសិទ្ធិនៅឯប្រាសាទអង្គរនោះឡើយ ទីបំផុតពួកគេបានចាញ់ ពាក្យសម្បថបាត់បង់អស់តំណែង និង រលាយបក្សជាប់គុករត់ចោលស្រុកខ្ចាត់ ខ្ចាយគ្មានសល់ ។

សម្បថឆ្នាំ២០១៣ជាមេរៀនដែលនាំ ឲ្យខ្លាចរអាសម្រាប់ទណ្ឌិត សម រង្ស៊ី ដែល មិនហ៊ានចេញមកស្បថទៀតនោះឡើយ បើមិនដូច្នោះប្រាកដជាចាញ់ពាក្យសម្បថងាប់តៃហោងដូចខ្មោចឪពុកចោលឆ្អឹងនៅក្រៅប្រទេសជាក់ជាមិនខាន ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print