សមត្ថកិច្ចចំរុះចុះបង្ក្រាបទីតាំងលក់សត្វព្រៃឃាត់ខ្លួនអ្នកលក់បានពីរនាក់យកទៅផាកពិន័យនិងរឹប​អូសសាច់សត្វព្រៃយកកំទិចចោល

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អ្នកជំនួញសត្វព្រៃចំនួន២នាក់នៅក្នុងផ្សារក្រុងសែនមនោរម្យត្រូវបានក្រុមអន្តរា​គមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើសហការណ៍ជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសអង្គការសម្ព័ន្ធមិត្តសត្វព្រៃWILDLIIFEALLIANCE និងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យបានចុះចាប់ដល់ក្នុងផ្ទះជាលើកទី២រឹបអូសបានវត្ថុតាងយ៉ាងច្រើនយកទៅកំទិចចោល។

ការចុះបង្ក្រាប់សត្វព្រៃនេះបានធ្វើឡើងនៅព្រឹកថ្ងៃពុធ១២រោចខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៨ខែសីហា ឆ្នាំ២០១៨។

សមត្ថកិច្ចបានដែលបានចុះបង្ក្រាបផ្ទាល់នោះបានឲ្យដឹងថាការចុះបង្ក្រាបឃាត់ចាប់សត្វព្រៃនៅទីតាំងចំនួន២កន្លែងប្រមូលសាច់សត្វព្រៃបានប្រមាណ៦៧.៧គីឡូក្រាម ដោយឃាត់អ្នកលក់ដូរសាច់សត្វព្រៃចំនួន២នាក់់ ហើយទីតាំងចំណុចផ្សារគុម្ពប្ញស្សី ម្ចាស់ឈ្មោះ សោម គឹម សាង ភេទស្រី អាយុ២៩ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរលក់ដូរស្ថិតនៅភូមិកណ្តាលសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចចុះបង្ក្រាបកាលពី៥ខែមុន និងម្នាក់ទៀតឈ្មោះ សាំង វុទ្ធី ភេទប្រុស មានទីលំនៅភូមិដើមស្រល សង្កាត់មនោរម្យ ។

មន្ត្រីជំនាញបានឲ្យដឹងទៀតថាសត្វព្រៃដែលចាប់បានរួមមាន កាំប្រម៉ា ៧.២០ គីឡូ សាច់ជ្រូកព្រៃជាង ៤០ គីឡូក្តាន់ញ៉ែង៥ក្បាលស្មើរនិង៧.៥០គីឡូសាច់ឈ្លូស១៦គីឡូក្រពះប្រម៉ាចំនួន០២ ។

អ្នកលក់ដូរសាច់សត្វព្រៃទាំង២នាក់ត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិន័យជាមួយទឹកប្រាក់សរុបចំនួន៧លាន៥សែន៤ម៉ឺន៤ពានរៀលរួចធ្វើការដោះលែងអោយផ្ទះវិញ ចំណែកសាច់សត្វព្រៃបញ្ជូនទៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីដុតកំទិចចោល ។

លោក ជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យបានឲ្យដឹងថាស្ត្រីខាងលើមិនត្រូវបានបញ្ជូនទៅសាលាដំបូងទេព្រោះបទល្មើសនេះជាប្រភេទសត្វព្រៃធម្មតាដោយមិនចាត់ចូលជាប្រភេទសត្វកម្រ។

លោកនាយផ្នែកបញ្ជាក់ថាករណីនេះត្រឹមតែពិន័យអន្តរកាលប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យបាននិយាយថា ទីតាំងផ្ទះស្ត្រីឈ្មោះ សោម គឹម សាង បានលួចរកស៊ីលក់សត្វព្រៃរាប់ឆ្នាំមកហើយមិនដែលឃើញមានសមត្ថកិច្ចក្នុងខេត្តណាម្នាក់ចេញមុខបង្ក្រាបទេទើបតែពេលនេះមានជំនាញអង្គការវ៉ាយអេតចុះចាប់បង្ក្រាបបាន២លើកមកហើយនៅតែមិនព្រម ឈប់ប្រកបរបរខុសច្បាប់នេះដដែល ៕ ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print