ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី21 ខែវិច្ឆិកាថា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ពានអាកាសតិចណូ បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីរំដោះចរាចរណ៍ លើ បណ្ដោយផ្លូវ សហពន្ធ័រុស្សុី ក្នុងគោលបំណង ដើម្បីដោះស្រាយសម្រួលការកកស្ទះចរាចរ នៅចំណុចការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ តាមប្រសាសន៍ណែនាំរបស់ប្រមុរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបញ្ជាក់ថា៖ ក្រោយពីបើកឲ្យដំណើរការស្ពានអាកាសតិចណូនេះរួមទៅ អាជ្ញាធររាជាធានី និងមានគម្រោងបើកការរដ្ឋាន ស្ពានអាកាស ចំនួន3 កន្លែង ទៀត គឺនៅផ្លវកែង ព្រះមន្នីវង្ស ត្រង់ចំណុចស្ដុបកាណាឌីយ៉ា មួយកន្លែងទៀត នៅផ្លូវកែងហាណូយ ផ្លវសហពន្ធ័រុស្សុី និងមួយកន្លែងទៀតបន្ថែមស្ពានត្រង់ចំណុចស្ពានក្បាថ្នល់ ដែលអាជ្ញាធរគ្រោងចំណាយថវិកា ប្រមាណជាង15 ទៅ20លានដុល្លារអាមេរិក ជាថវិការបស់សាលាក្រុងនិងក្រុមហ៊ុមOCIC។
សូមបញ្ជាក់ថា៖ ស្ពានអាកាសតិចណូ ត្រូវសម្ពោធបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះរត់បណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើប្រសព្វមហាវិថី គីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង មានបណ្តោយ៣៨២ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដីមានប្រវែង៣៥៦ម៉ែត្រ និងទទឹងពី៦ទៅ៨ម៉ែត្រ។
ស្ពានអាកាសទី៤ របស់រាជធានីភ្នំពេញនេះ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយតាមគម្រោងនឹងបញ្ចប់ ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន OCIC ៕
ដោយ៖ សំរិត