ខេត្តមណ្ឌលគិរី ៖ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី១០ ខែ សីហា ឆ្នាំ២០១៨ ក្រុមមន្ត្រីដែនជម្រកសត្វ សីមា បានផ្ទុះអាវុធប្រយោជន៍ដើម្បីការពារខ្លួនផងនិងពីការប៉ុនប៉ងរំដោះយកវត្ថុតាងពីក្រុមអ្នករកស៊ីខុសច្បាប់ផងនៅចំណុច ទឹកខួប ស្ថិតក្នុងស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។
លោក ឌិន ប៊ុនធឿន នាយកដែនជម្រក សត្វសីមាបានឲ្យដឹងថា នាវេលាយប់ថ្ងៃ ព្រហស្បតិ៍ទី៩ ខែសីហា កម្លាំងរបស់លោកបានឃាត់ម៉ូតូដែលដឹកឈើប្រណីត២គ្រឿង ហើយនាំយកមកស្នាក់ការ ដើម្បី ចាត់ការតាមច្បាប់ ។ លុះធ្វើដំណើរមក ដល់ចំណុចទឹកខួបបក្ខពួកក្រុមជនល្មើសបានយករថយន្ត៣គ្រឿង (កាមរីហើម ២គ្រឿង និងរថយន្តឆ្លាម១គ្រឿង) មកពាំងផ្លូវក្រុមការងារប៉ុនប៉ងរំដោះយកវត្ថុតាង ដែលមានម៉ូតូ២គ្រឿង និងឈើកកោះ នោះទៅវិញ ។
លោកបានឲ្យដឹងបន្តថា ដោយមើល សភាពការណ៍មិនស្រួល ស្ថានភាពងងឹត ផង ទើបកម្លាំងរបស់លោកសម្រេចចិត្តផ្ទុះអាវុធដើម្បីការពារខ្លួនផង និងការពារវត្ថុ តាងផង ។ ទីបំផុត ពួកគេក៏បានបើក រថយន្តរត់បាត់អស់ទៅ ហើយកម្លាំងរបស់លោកក៏បាននាំយកវត្ថុតាងមករក្សាទុក នៅស្នាក់ការរបស់ខ្លួន ។
ករណីនេះ លោកក៏បានរាយការណ៍ជូនប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និង អធិការនគរបាលស្រុកកែវសីមា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធរួចហើយ ។
លោក ឌិន ប៊ុនធឿនបញ្ជាក់ថា ពួក ឈ្មួញរកស៊ីធ្វើគ្រប់សកម្មភាព ដែលធ្វើឲ្យកម្លាំងដែនជម្រកសត្វសីមា ប្រឈមនឹង ហានិភ័យខ្ពស់ ។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះ អធិការនគរបាលស្រុកកែវសីមាក៏បានចេញ អន្តរាគមន៍ជួយ ដល់កម្លាំងដែនជម្រកសត្វសីមានោះដែរ ប៉ុន្តែពួកឧក្រិដ្ឋជន ទាំងនោះបានភៀសខ្លួនចេញបាត់អស់ ហើយ ៕ ហេង សូរិយា