កំពង់ឆ្នាំង៖រថយន្តដឹកទឹកកកមួយគ្រឿបានបើកបុកម៉ូតូសិស្សសាលាទាំងកំរោលបណ្តាលឱ្យជនរងគ្រោះស្លាប់ពីរនាក់និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវក្រាលកៅស៊ូជិតរោងចក្រតាបារាំង ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង កាលពីវេលាម៉ោងជិត១១ព្រឹកថ្ងៃទី១០ខែសីហា ។
ប៉ូលិសចរាចរណ៍ ឱ្យដឹងថា ជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ទី១ ឈ្មោះ អ៊ុក សុភ័ក្ត្រា ភេទប្រុស អាយុ១៩ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ រស់នៅភូមិមុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ទី២ ឈ្មោះ ប៉ិច ចាន់ស៊ីន ភេទប្រុស អាយុ១៦ឆ្នាំ ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និង ទី៣ ឈ្មោះអ៊ូ សីលា ភេទប្រុស រងរបួសធ្ងន់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
អ្នកឃើញហេតុការណ៍ បញ្ជាក់ថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹកកកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ផ្លាកលេខ ២G-៥២១៤ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដែលបើកក្នុងល្បឿនយ៉ាងលឿនរេពេញផ្លូវ បម្រុងបុកតូបលក់ដូររបស់ប្រជាពលរដ្ឋ ហើយបានបួងចង្កូតគេចជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខ ភ្នំពេញ១FQ-៩៦៨៩ ដែលជិះឌុបគ្នា៣នាក់ ក្នុងដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឱ្យជនរងគ្រោះម្នាក់ប៉ើងខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ និង ពីរនាក់ផ្សេងទៀតជាប់នៅពីក្រោមរថយន្តបង្កតែម្តង៕