ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ឯកអគ្គរដ្ឋទូត សារធារណៈរដ្ឋ ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានប្ដេជ្ញា បន្ដកិច្ចសហប្រតិបត្ដិការ និងបង្កើនការវិនិយោគលើគ្រប់វិស័យ នៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងឱកាស ដែលលោក ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ូឌីម៉ាន់ ហាសេន ឯកអគ្គរដ្ឋទូត សារធារណៈរដ្ឋ ឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា កាលពីថ្ងៃចន្ឌ២កើត ខែស្រាពណ៏ ឆ្នាំ ចសំរឹទ្ធិ ស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។
នៅក្នុងជំនួបនេះដែរ លោក ឃួង ស្រេង បានជម្រាបជូនពីការរីកចំរើន របស់រាជធានីភ្នំពេញ ជាមួយនិងការកើនឡើងនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស តាមរយៈការមកបណ្តាក់ទុនវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីនេះ ក៏មានកំណើនប្រជាជន មករស់នៅក្នុងរាជធានីភ្នំពេញ ក៏មានការកើនឡើង ដែលមកដល់ពេល នេះ មានប្រមាណជិត៣លាននាក់ កំពុងរស់នៅ។
ទាក់ទងនិងការរីកចំរើននេះដែរ លោក ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលបាននិងកំពុងជួបប្រទះ ដូចជា បញ្ហាចរាចរណ៍ បញ្ហាសំរាម និងបញ្ហាបរិស្ថាន ដែលទាមទារអោយ មានការដោះស្រាយ ជាបន្ទាន់ផងដែរ ។
លោក ឃួង ស្រេង បានលើកឡើងពីភាពជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កន្លងទៅនេះ ដោយមិនបានបង្ករភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ចំពោះការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផ្សេងៗ ខុសពីបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ ដែលទាំងនេះ គឺបានកើតចេញពីការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី បានខិតខំ ដើម្បីបំរើប្រជាជន និងប្រទេសជាតិ ។
ជាមួយគ្នានោះដែរ លោក ស៊ូឌីម៉ាន់ ហាសេន បានកោត សរសើរ អំពីស្ថានភាពប្រព្រឹត្តទៅ នៃការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ស្របពេលដែល ឯកឧត្តម បានមកបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ ឥណ្ឌូនេស៊ីនឹងបន្តធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ការរទូត ជាពិសេសបន្តជំរុញឱ្យមានការមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនឡើងថែមទៀត រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៧ ដល់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ឥណ្ឌូនេស៊ី និង កម្ពុជា នឹងសហ ការគ្នារៀបចំ ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រដោយមាន ក្រុមហ៊ុនចូលរួម ជាង១០០ ក្រុមហ៊ុន មកធ្វើការ ដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន ៕ ដោយ៖ សំរិត