ខេត្តតាកែវ ៖ ពលរដ្ឋស្រុកគិរីវង់បានឲ្យដឹងថា ដំណាំកញ្ឆារាប់រយចំការស្ថិតនៅលើកំពូលភ្នំបាយង់កោក្នុងស្រុកគីរីវង់ត្រូវបានគេលួចដាំដោយមិនមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាននោះទេ ។ ពួក គាត់លើកឡើងថា ការបង្ក្រាបវិញវាមិនមែនជាប្រធានបទស្មុគស្មាញអ្វីនោះទេ ឲ្យតែកម្លាំងជំនាញមានឆន្ទៈក្នុងការបង្ក្រាប ពីព្រោះទីតាំងដាំកញ្ឆាលើកំពូលភ្នំបាយង់កោមានផ្លូវឡើងតែពីរប៉ុន្នោះហើយអ្វីដែលជាធាតុផ្សំនៃការដាំកញ្ឆាគឺអាចម៏គោដែលគេជួលពលរដ្ឋឲ្យលីឡើងលើកំពូលភ្នំក្នុងមួយបាវ ៣០,០០០រៀលហើយមួយថ្ងៃលីកម្លាំងពីរបាវនោះទេតែដោយសារអាជ្ញាធរខេត្តតាកែវគ្មានឆន្ទៈបង្ក្រាបគឺគាត់រក្សាដំណាំនេះបង្អួតថ្នាក់ដឹកនាំតែប៉ុន្នោះ។
ជុំវិញករណីនេះលោកវរៈសេនីយឯកង៉ែតចន្ធីមេបញ្ជាការងកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថាការបង្ក្រាបដំណាំកញ្ឆាលើកំពូលភ្នំបាយង់កោមួយរយៈកន្លងមកគឺបានតែមួយជ្រុងតូចតែប៉ុន្នោះទេព្រោះនៅចំនុចជាច្រើនទៀតនៅមិនទាន់ទៅដល់។
លោកបានបញ្ចាក់ទៀតថាកម្លាំងរបស់លោកនៅតែបន្ដចុះបង្ក្រាបទៀតតែរង់ចាំស្ថានភាពអាកាសធាតុអំណោយផលល្អទើបអាចឡើងទៅលើកំពូលភ្នំនេះបាន។
ពាក់ព័ន្ធករណីនេះលោកអ៊ូចភាអភិបាលខេត្តតាកែវបានឲ្យដឹងថាលោកបានឲ្យកងកម្លាំងមានសមត្ថ កិច្ចបង្ក្រាបជាបន្ដបន្តាប់ចំពោះជនល្មើសុដែលលួចដាំកញ្ឆានោះដោយសាតែកម្លាំងមូលដ្ឋានមិនដឹងមុខសញ្ញាទើបមកទល់ពេលនេះចាប់មិនទាន់បាន។
យោងតាមមាត្រា៤៦ដាំដោយខុសច្បាប់រុក្ខជាតិញៀនត្រូវផ្ដន្ទាទោសពី១៨ខែទៅបួនឆ្នាំហើយពិន័យប្រាក់ពីបីលានរៀលទៅប្រាំបីលានរៀល ៕ ហេង នរិន្ទ្រ