ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា យោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប កន្លងមកនេះ គឺគណបក្សប្រជាជនកម្ពុជាកំពុងឈ្នះនាំមុខភ្លូកទឹកភ្លូកដី។
ហ្វេសប៊ុកផេកផ្លូវការសម្តេចតេជោ សរសេរនៅព្រឹកថ្ងៃទី១៥ ខែសីហា ថា នៅម៉ោង៧:៣០ យប់នេះថ្ងៃទី១៥ ខែសីហា គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃចំនួនអាសនៈអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
នៅក្នុងការប្រកាសលទ្ឋផលយប់នេះគឺនឹងមានការប្រកាសឈ្មោះបេក្ខជនតំណាងរាស្ត្រទាំង១២៥នាក់ផងដែរ។ យោងតាមការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប កន្លងមកនេះ គឺគណបក្សប្រជាជនកម្ពុជាកំពុងឈ្នះនាំមុខភ្លូកទឹកភ្លូកដី។
សម្តេចសូមអរគុណបងប្អូនរួមជាតិ និងកូនក្មួយយុវជន កម្មករកម្មការនីទាំងអស់ដែលបានទៅបោះឆ្នោតគាំទ្រឲ្យ គណបក្សប្រជាជនកម្ពុជា លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តដឹកនាំកម្ពុជាឲ្យរីកចម្រើនដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិយើងទាំងមូល៕