ខេត្តត្បូងឃ្មុំ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ លោកស្រី នូ ច័ន្ទសុគន្ទា បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ខាត់ ឆាយ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយ ចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅភូមិដារផ្សសរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ បទល្មើសដែលមានបញ្ញតិ្តឲ្យផ្តន្ទាទោសតាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទត្រូវបានចាប់ខ្លួនកាលពីម៉ោង៤ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយកម្លាំងជំនាញផ្នែកយុត្តិធម៌ សហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន ។
លោកអនុសេនីយ៍ឯក ចាន់ ឌុល អធិការរងទទួលផែនយុត្តិធម៌ដែលដឹកនាំផ្ទាល់ឲ្យដឹងថា លោកនិងលោកអនុសេនីយ៍ឯក បេង ឬទ្ធី នាយប៉ុស្តិ៍នគរបាលជាំក្រវៀនបានចុះអនុវត្តដីកាលេខ៧១ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ របស់លោកស្រី នូ ច័ន្ទសុគន្ទា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ចាប់ខ្លួនឈ្មោះ ខាត់ ឆាយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិឃុំខាងលើ ត្រូវចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស បានប្រព្រឹត្តនៅភូមិដារផ្សសរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ បទល្មើសដែលមានបញ្ញតិ្តឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
លោកថា នៅពេលកម្លាំងជំនាញយើងបានចុះអនុវត្តដីកាបង្គាប់ឲ្យខ្លួនជនល្មើសឈ្មោះ ខាត់ ឆាយ ភេទប្រុស យល់ព្រមប្រគល់ខ្លួនតាមសម្រួល ដោយមិនមានប្រតិកម្មអ្វីមួយមកលើសមត្ថកិច្ចយើងឡើយ ។
បច្ចុប្បន្នជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនល្មើសខាងលើទៅឲ្យសាលាដំបូងខេត្តត្បូងឃ្មុំ ផ្តន្ទាទោសតាមនីតិវិធី ៕ វណ្ណៈ