ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំង មន្រ្តីនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ សហការគ្នាចុះបង្រ្កាបមុខសញ្ញាជាជនសង្ស័យរក្សាទុក ជួញដូរ និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមទាំងសម្ភារ និងវត្ថុតាង រួចឈានដល់ការឆែកឆេលំនៅដ្ឋានផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១ និង២៥នាទី រសៀលថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ពុធ អុីម ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិស្វាយដូនកែវ១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន ២នាក់ ទី១ ឈ្មោះ ទូច ឈុនលី ហៅធី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ជាកូនម្ចាស់ផ្ទះ បានផ្ដល់ទីតាំងក្នុងការប្រើប្រាស និងទី២ ឈ្មោះ ថុន បារាំង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្វាយដូនកែវ១ ឃុំស្វាយដូនកែវ ស្រុកបាកាន។
លោក វរសេនីយ៍ឯកបន្តថា ក្នុងនោះក៍បានធ្វើការឆែកឆេលំនៅដ្ឋានដោយរកឃើញវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ធំ ទម្ងន់ចំនួន ៧.១៤ក្រាម ជញ្ជីងសង្ស័យសម្រាប់ថ្លឹងចំនួន ១គ្រឿង ថង់តូចៗសង្ស័យច្រកសារធាតុញៀនចំនួន ១ដុំ និងឧបករណ៍កន្រ្តៃកាំបិត។ល។សង្ស័យសម្រាប់ប្រើប្រាស(ជក់) ១កំប្លេ។
លោក បន្តទៀតថា ចំពោះជនសង្ស័យជាមុខសញ្ញារួមទាំងវត្ថុតាង និងសម្ភារ បាននាំយកមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរាបចំសំណំឯកសារពាក់ព័ន្ធបញ្ជូន ទៅការិយាល័យជំនាញគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ដោយ បឹុម ពិន