ភ្នំពេញ៖លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា លោក ធាម ច័ន្ទពិសិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្ត្រីជនជាតិចិនដែលបើករថយន្តបំបុកបណ្តាលឱ្យចោរឆក់ទូរស័ព្ទស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ក្នុងពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត ។
ប៉ុន្តែប្រភពព័ត៌មានគួរឱ្យទុកចិត្តបាន បង្ហើបប្រាប់ថា កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីជនជាតិចិនរូបនេះចំនួន៣បទល្មើស គឺ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២១៨ និង មាត្រា២២៤នៃក្រមព្រហ្មទណ្ឌ និង បទបើកបរគ្មានប័ណ្ណបើកបរត្រឹមត្រូវ តាមមាត្រា៧៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២២៤នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។
ដោយឡែកបទល្មើសបើកបរគ្មានប័ណ្ណបើកបរ កំណត់ការពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ៨០ម៉ឺនរៀល។
គួរបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអាទិត្យទី១២ ខែសីហា នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ស្ត្រីជនជាតិចិនមានឈ្មោះ ថាង យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចំណែកចោរឆក់ទូរស័ព្ទដែលស្លាប់មានឈ្មោះ បេ សុភាដេវីត ភេទ ប្រុស អាយុ២៤ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន និង អ្នករបួសធ្ងន់ឈ្មោះ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៥០ ផ្លូវលេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ៕