ខេត្តកំពង់ចាម ៖ ជនសង្ស័យបីនាក់ និងមានម្នាក់ជាប់ពាក់ព័ន្ធក្នុងការផ្តល់មធ្យោបាយជិះធ្វើសកម្មភាពលួចម៉ូតូរបស់កសិករដែលទុកនៅវាលស្រែ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃឈរសហការជាមួយកម្លាំងអធិការស្រុកបាធាយ បង្រ្កាបនិងចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១២ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចត្រពាំងតាង៉ុយខាងលិចភូមិ នៅក្នុងភូមិត្រើង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា មុនម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ជឺន ឡាច ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រើង ឃុំបឹង ណាយ ស្រុកព្រៃឈរ បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ទៅច្រូតស្រូវដោយទុកនៅវាលស្រែ ស្រាប់តែមាន ជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ បានធ្វើសកម្មភាពលួចកាច់បំបែកគ្រប់សោរម៉ូតូ តែជនរងគ្រោះឃើញទាន់ក៏ស្រែក រហូតសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបានតែម្តង ។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យទាំងបីនាក់មានឈ្មោះ ៖
១-ឈ្មោះ ម៉ី វៃ ហៅញ៉ញ់ ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម
២-ឈ្មោះ លំ ប្រុសពៅ ហៅធឿន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាយ ខេត្តកំពង់ចាម។
៣-ឈ្មោះ ហ៊ាង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិទំនប់ ឃុំទំនប់ស្រុកបាធាយ ។
សមត្ថកិច្ចញ្ជាក់ថា ឈ្មោះ ម៉ី វៃ និង ឈ្មោះ លំ ប្រុស ជាអ្នកធ្វើសកម្មភាពលួចកាប់សោកម៉ូតូ នៅពេលនោះសមត្ថកិច្ចចាប់បានតែឈ្មោះ ម៉ី វៃ ទេ ដោយឡែកឈ្មោះ លំ ប្រុស បានរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចថា តាមការសាកសួរចំលើយបឋមជនសង្ស័យបានឆ្លើយសារភាព ថា ជនសង្ស័យដែលជិះរត់គេចខ្លួនឈ្មោះ លំ ប្រុស ហៅ ធឿន ។ រីឯម៉ូតូជិះធ្វើសកម្មភាពនោះជារបស់ឈ្មោះ ហ៊ាង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិទំនប់ ឃុំទំនប់ស្រុកបាធាយ ជាអ្នកអោយម៉ូតូជិះធ្វើសកម្មភាពលួចបានយកទៅលក់ចែកគ្នាចាយទាំង៣នាក់។
ក្រោយពីទទួលបានចំលើយខាងលើនេះលោក វរសេនីយ៍ឯក កែវ ស៊ាងហាន់ អធិការស្រុកព្រៃឈរ បានសហការជាមួយលោកវរសេនីយ៍ ឯក សំ ណាល់ អធិការស្រុកបាធាយ បានធ្វើការស្រាវជ្រាវនិងឃាត់បានជនសង្ស័យទាំង២ ខាងលើបន្ថែមទៀត ដកហូតម៉ូតូ០១គ្រឿងម៉ាកវ៉េវឆ្លាម។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ វណ្ណៈ